Toni ទម្លាយហេតុផលពីក្រោយពណ៌សក់ ២ពណ៌របស់ Kaew ក្នុងថ្ងៃរៀបការ

គូស្នេហ៍តារាថៃមួយគូ​ទៀត​គឺ Toni Rakkaen និង​ Kaew Jarinya បានប្ដូរពីពាក្យ​សង្សារ​មក​ជា​ស្វាមី​ភរិយា​ស្របច្បាប់​ហើយ​កាល​ពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។

មង្គល​ការ​របស់​អ្នក​ទាំង​ ២​បានប្រព្រឹត្តិទៅ​ក្រោម​ការ​សាទរ​របស់​សាច់ញាតិបងប្អូន មិត្តភ័ក្តិ និង​អ្នក​គាំទ្រ​ជា​ច្រើន ហើយ​ក៏​មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ច្រើន​ដែរ។ ក្នុង​នោះ​ អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់​ផ្អើល​ជាងគេ​នោះគឺ ពណ៌​សក់​ហាយឡាយ​ ២​ពណ៌របស់​កូន​ក្រមុំ​តែម្ដង គឺ​ពណ៌ខ្មៅ​ និង​សក់​ពាក់កណ្ដាល។ ទាក់ទង​នឹង​រឿង​នេះ​ បើ​ទោះ​បី​មិន​មែន​ជា​បញ្ហា​ធំដុំ​ ប៉ុន្តែ​មហាជន​ខ្លះ​បែរ​ជា​សម្ដែង​ការមិនពេញ​ចិត្ត​ ហើយ​លើក​ឡើង​ថា​ហេតុអ្វី​ត្រូវទុក​សក់​ពាក់​កណ្ដាល​សបែប​នេះ?

ទាក់ទង​នឹង​បញ្ហា​នេះ​ Toni Rakkaen ដែល​ជា​ស្វាមី​ថ្មី​ថ្មោង​របស់​ Kaew បាន​បញ្ជាក់​ថា​ តាមពិត​ដោយសារ​តែនាង​គិត​ថា​ សម្រស់​របស់​មនុស្ស​ម្នាក់ៗ​មាន​ខុសៗគ្នា មិន​ដូចគ្នា​ទេ។ មុន​សម្រេច​ចិត្ត​តុបតែង​សក់​បែប​នេះ​ សាមី​ខ្លួន​បាន​ត្រៀម​ចិត្តរួច​ហើយ​ក្នុង​ការ​ទទួល​យក​ទាំង​ការ​ពេញ​ចិត្ត និង​មតិរិះគន់។

យ៉ាង​ណា​គ្រួសារ​បាន​លើក​ទឹក​ចិត្ត​ Kaew ធ្វើ​អ្វី​ដែល​នាង​ស្រឡាញ់ ព្រោះ​វា​។ ជា​ក្ដី​សុខ​របស់​នាង។ ម្យ៉ាង​ មួយ​ជាតិ​រៀបការ​តែ ១​ដង​ ដូចនេះត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្ងៃ​ពិសេស​នេះ​ មានន័យ​តាម​ដែល​ម្ចាស់​ខ្លួន​ប្រាថ្នា៕​​