​Elon Musk ​ជឿជាក់​ថា​ ចិន ​នឹង​ក្លាយ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​លក់​រថយន្ត​ Tesla​

​លោក​ ​Elon Musk ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ Tesla ​បាន​និយាយ​ថា​៖ “ចិន ​នឹង​ក្លាយ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​លក់​រថយន្ត​ Tesla។ ចិន ​មាន​ទស្សន​វិស័យ​វែង​ឆ្ងាយ​។ អ្វី​ដែល​ទាក់​ចិត្ត​លោក​បំផុត​នោះ​គឺ​ផែនការ​​ ​៥ ​ឆ្នាំ​របស់​ប្រទេស​ចិន​ ​លើ​កិច្ចការ​ពង្រឹង​ថាមពល​កកើត​ឡើង​វិញ​ និង​ការ​ប្ដេជ្ញា​ចិត្ត​​ខ្ពស់​លើ​ការ​កាត់​បន្ថយ​ការ​បំពុល​ដោយ​សារធាតុ​កាបូន​ឲ្យ​ធ្លាក់​នៅ​កម្រិត​ទាប​បំផុត​។”

​លោក​បន្ថែម​ទៀត​ថា ​នេះ​គឺ​ជា​ជំហាន​បន្ទាប់​ដ៏​ធំ​មួយ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី។ ​ចិន ​នឹង​ក្លាយ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​នៅ​រយៈពេល១០​ឆ្នាំ​ទៅ​មុខ​ទៀត​។ ​ថ្ងៃ​អនាគត​ទាំង​អតិថិជន(ប្រជាជន)​ និង​រថយន្ត​ចិន ​នឹង​មាន​សន្ទុះ​ព្រម​គ្នា​តែ​ម្ដង។នេះ​ការ​លើក​ឡើង​​ជូន​ដល់​សារព័ត៌មាន​ចិន​ជា​ភាសា​អង់គ្លេស​ CGTN ​ក្នុង​កម្មវិធី​ ​China Development Forum ។

Elon Musk ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ Tesla
​ការ​ថ្លែង​ដោយ​ទំនុក​ចិត្ត​បែប​នេះ​ក៏​ដោយ​សារ​ក្រុមហ៊ុន​រថយន្ត​ Tesla ​​មាន​វត្តមាន​ក្នុង​ទីផ្សារ​ស្រុក​ចិន​តាំង​ពី​ឆ្នាំ ២០១៣ ​មក​ម្ល៉េះ​ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ចិន​ច្រើន​គួរសម។​ ដោយឡែក​ថ្មី​ៗ​នេះ​ ​Tesla ​ក៏​ទើប​នឹង​សាងសង់​រួច​រាល់​នូវ​រោងចក្រ​ផលិត​អាគុយ​រថយន្ត​អគ្គិសនី​ដ៏​ធំ​សម្បើម​មួយ​ទៀត​ឈ្មោះ​ថា Tesla Gigafactory 3 នៅ​ជាយ​ទីក្រុង​សៀងហៃ​​ ដែល​​​ជា​រោងចក្រទី៣ ​នៅ​ក្នុង​ប្រទេស​ចិន​។

Tesla Gigafactory 3
​រំឭក​ផង​ដែរ​ថា ​ត្រឹម​តែខែ​​មករា​ដើម​ឆ្នាំ ២០២១ ​​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ចិន​ ​លក់​ចេញ​​បាន​ចំនួន ១៥៤៨៤ ​គ្រឿង​ រី​ឯ​ខែ​កុម្ភៈ​​លក់​ចេញ​​បាន​ចំនួន ១៨២១៨ ​គ្រឿង​(ក្បែរ​២ម៉ឺន​) ​និង​កំពុង​កើន​ឡើង​បន្ត​ទៀត​ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​លើក​ទឹក​​យ៉ាង​សម្បើម​​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ ​ដែល​ទើប​នឹង​ចាក់​បញ្ចូល​ទឹក​ប្រាក់​វិនិយោគ​ជាង​ ៦០ ​លាន​ដុល្លារ​បន្ថែម​​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​រថយន្ត​បៃតង​(អគ្គិសនី) ​កាន់​តែ​ច្រើនឡើង​ថែម​ទៀត​។

ក្រៅ​ពី​ ​Tesla ​​​គេ​សង្កេត​ឃើញ​ថា​នៅ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ផលិត​បាន​រថយន្ត​អគ្គិសនី​តម្លៃ​សមរម្យ​ ជា​ច្រើន​ម៉ាក​យីហាកំពុង​ប្រជែង​ជាមួយ Tesla មាន​​ដូច​ជា Nio, Li Auto និង Xpeng ជា​ដើម​៕​