





ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ កញ្ញា ដេននី ក្វាន់ ជាតារាសម្ដែងម្នាក់ ដែលធ្លាប់ទទួលរងនូវការរិះគន់ឥតសំចៃពីមហាជន ចំពោះការស្លៀកពាក់បែបមិនសមរម្យជានារីខ្មែរនាប៉ុន្មានឆ្នាំមុន រហូតត្រូវក្រសួងបិទផ្លូវសិល្បៈរយៈពេល១ឆ្នាំនោះ។ជាក់ស្តែង អំឡុងពេលទទួលបម្រាមពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះ ដេននី ក្វាន់ ចាប់ផ្ដើមធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ជាមួយនឹងការស្លៀកពាក់បែបសមរម្យ ធ្វើឲ្យមហាជន កែប្រែពីស្អប់ មកជាស្រឡាញ់រូបនាង។ក្នុងនោះដែរ ក្រោយរួចបម្រាមនោះ ដេននី ក្វាន់


ហាក់លែងខ្វល់ខ្វាយរឿងការងារសិល្បៈទៀតហើយ ព្រោះនាងកំពុងកាក់កបនឹងមុខរបរជាអ្នកលក់ផលិតផលតាមអនឡាញ និងមានជំនួញមួយចំនួនទៀតក្ដាប់ក្នុងដៃ។ ទោះយ៉ាងណា តារាសម្ដែងរូបនេះ នៅតែប្រកាន់ភ្ជាប់នូវការស្លៀកពាក់បែបសមរម្យ ជាមួយនឹងការធ្វើសកម្មភាពមនុស្សធម៌ដដែល ជាហេតុរក្សាប្រជាប្រិយភាពរហូតដល់សព្វថ្ងៃនេះ។ក្នុងអំឡុងពេលកន្លងមក រហូតមកដល់ពេលនេះ តារាសម្ដែងរូបនេះ ក៏មានរឿងសៅហ្មងក្នុងចិត្តខ្លះៗ ហើយធ្វើការបង្ហាញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនផងដែរ។ ពេលកន្លងមកនោះ គេមិនដឹងថា


ជារឿងអ្វីឲ្យប្រាកដនោះទេ តែពេលនេះ នាងបានបង្ហាញរឿងខ្លះៗហើយ។យ៉ាងណាមិញ នៅមុននេះបន្តិច ដេននីក្វាន់ បានបង្ហោះរូបភាព អមដោយសារយ៉ាងចាប់អារម្មណ៍ថា «ការអត់ធ្មត់របស់ខ្ញុំមានដែនកំណត់ ឆាប់ៗនេះខ្ញុំនឹងធ្វើសន្និសីទកាសែត និយាយពីរឿងក្តីរបស់ខ្ញុំនៅក្រុងកំពង់សោម ជាមួយមនុស្សស្រីម្នាក់ជាម្ចាស់សណ្ឋាគារមួយនៅក្រុងកំពង់សោម ជារឿងធំបំផុតចំពោះខ្ញុំ ដែលខ្ញុំមិនអាចទទួលយកបាន»។ដេននី ក្វាន់ បញ្ជាក់ថា «ខ្ញុំមិនLiveនៅថ្ងៃកើតហេតុព្រោះរង់ចាំខាងម្ចាស់សណ្ឋាគារមកដោះស្រាយជាមួយខ្ញុំ ភស្តុតាងខ្ញុំមានទាំងអស់ ខ្ញុំនឹងបង្ហាញនៅថ្ងៃធ្វើសន្និសីទកាសែត សូមបងប្អូនទាំងអស់គ្នារង់ចាំស្តាប់ថាខ្ញុំបានជួបអ្វីខ្លះ»៕
