
បន្ទាប់ពីបវរកញ្ញាចក្រវាលប្រទេស មីយ៉ាន់ម៉ា ប្រកាសលក់ម្កុដកញ្ញាឯកប្រចាំឆ្នាំ២០០៨ ក្នុងតម្លៃជាង៣០០០ដុល្លារ ដើម្បិជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្លួន នៅថ្ងៃនេះលោក សេង រតនា ប្រកាសយល់ព្រមទទួលទិញម្កុដនោះក្នុងតម្លៃ៣១៩០ដុល្លារ។

ថ្មីៗនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីការលក់ម្កុដរបស់បវរកញ្ញារបស់មីយ៉ាន់ម៉ា ដោយបានដកស្រង់សម្ដីនាងថា៖”បើទុកនៅនឹងខ្ញុំវាត្រឹមតែជាដុំឥដ្ឋមិនបានការមួយ ប៉ុន្ដែប្រសិនបើខ្ញុំលក់វា នឹងបានជាប្រយោជន៍ដល់ជនរួមជាតិទាំងអស់គ្នា”។

លោក សេង រតនា ដែលប្រើទំព័របណ្ដាញសង្គមឈ្មោះ Samdach Seang Ratana នៅរសៀលថ្ងៃទី៥ ខែមេសា នេះថា តម្លៃប៉ុណ្ណេះមិនថ្លៃឡើយ ប៉ុន្តែវាអាចជួយដល់នាង និងប្រជាជនរបស់នាងក្នុងការទាមទារសិទ្ធិសេរីភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សូមរំលឹកថា រដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានបង្កឲ្យមានភាពវឹកវរសង្គមប្រមាណ២ខែមកហើយ។ ឈាមរបស់ប្រជាពលរដ្ឋប្រទេសនេះនៅតែបន្តស្រក់ដោយមានការប៉ះទង្គិចគ្នារវាងយោធា និងកម្លាំងអ្នកធ្វើបាតុកម្មប្រឆាំងនឹងរបបយោធា។

មន្ត្រីរាជការស៊ីវិល និងតារាភាពយន្ត ព្រមទាំងបវរកញ្ញាប្រទេសនេះនៅបន្តស្រែកទាមទារឲ្យអន្តរជាតិជួយអន្តរាគមន៍ ហើយនាងខ្លួនឯងក៏រិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយវិបត្ដិនយោបាយនៅក្នុងប្រទេសរបស់ខ្លួន៕