សំលៀកបំពាក់ យីហោអក្សរខ្មែរ បង្កើតឡើងដោយកូនខ្មែរ ត្រូវបាន ដាក់លក់នៅប្រទេសជប៉ុន

កាលពីពេលថ្មីៗនេះ នៅប្រទេសជប៉ុន ស្ថិតក្នុងខេត្តគីហ្វឹក សមាគមរួបរួម ពលរដ្ឋកម្ពុជា​ ជប៉ុន​ បានរៀបចំពិព័រណ៍ ម្ហូបអាហារ សិល្បៈវប្បធម៌ និងផលិតផលខ្មែរ​។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺពលរដ្ឋកម្ពុជាមួយរូបបានតាំងបង្ហាញ ស្នាដៃ ផលិត និងការបង្កើតយីហោផ្ទាល់ខ្លួនជាអក្សរខ្មែរ និងមានលក់នៅក្នុងទីផ្សារនៅក្នុង ប្រទេសបច្ចេកវិទ្យាមួយនេះផងដែរ។ 

ពិធីបង្ហាញសំលៀកបំពាក់យីហោជាអក្សរខ្មែរ នៅលើទឹកដីជប៉ុន កាលពីថ្ងៃទី១២ សីហា ២០១៩ នោះ ក៏មាន ការអញ្ជើញចូលរួមពីវត្តមានលោក ឯកអគ្គរាជទូតនៃព្រះ រាជាណាចក្រកម្ពុជា​ ប្រចាំប្រទេសជប៉ុន និងប្រតិភូ​អមដំណើរ ព្រមទាំង ភ្ញៀវជាតិ​​ និង អន្តរជាតិ​​។ 

លោក ស៊ុន ហាវៃ ជាជនជាតិខ្មែរបើកហាងលក់សំលៀកបំពាក់នៅក្នុង ប្រទេសជប៉ុន បានអះអាងថា គឺជារឿងលំបាកណាស់ទម្រាំតែលោក អាចសុំច្បាប់ ង្កើតម៉ាកយីហោមួយ ដោយប្រើជាអក្សរខ្មែរ នៅលើទឹកដីជប៉ុន។ ឈុតសំលៀកបំពាក់ ដែលលោកបានបង្ហាញនោះ មានម៉ាកយីហោថា”HV ហាវៃ” ដោយលោកប្រើអក្សរ អង់គ្លេស និងអក្សរខ្មែរ ជាម៉ាកសញ្ញាតែម្ដង ដើម្បីបង្ហាញថា ផលិតផលរបស់ខ្មែរ ក៏អាចចរាចរនៅក្នុងប្រទេសជប៉ុន សំខាន់គឺការកម្រិតគុណភាពកុំអោយ ចាញ់ផលិត ផលបរទេស។

លោក ស៊ុន ហាវៃ ម្ចាស់ហាងលក់សំលៀកបំពាក់ HV ហាវៃ ស្ថិតនៅក្នុងទីក្រុង ហ្វុគុកាក់ និង Gifu ប្រទេសជប៉ុន បានអះអាងថា ដោយសារតែលោក ស្រឡាញ់ និង ចង់ផ្សព្វផ្សាយពីកម្ពុជាឲ្យពិភពលោកបានដឹង ទើបលោកសម្រេចបើកហាងលក់ សំលៀកបំពាក់ ហើយបានបង្កើតម៉ាកសំលៀកបំពាក់ជាអក្សរខ្មែរ បើទោះជាទម្រាំ ទទួលបានសិទ្ធិលើម៉ាកយីហោនេះ មានភាពលំបាកខ្លាំងយ៉ាងណាក្តី។ លោកថាខ្លួន បានចំណាយពេល ជាយូមកហើយទម្រាំសម្រេចក្តីស្រមៃមួយនេះ ដោយការបង្កើត ម៉ាក “HV ហាវៃ” លើសំលៀកបំពាក់នៅក្នុងប្រទេសជប៉ុន មិនមែនជារឿងងាយស្រួល នោះ ទេ។ លោកកាន់តែសប្បាយចិត្ត នៅពេលម៉ាកយីហោដែលលោកបង្កើតឡើងនេះ មានការគាំទ្រខ្ពស់ តាំងពីបានលេចចេញរូបរាង។ ស៊ុន ហាវៃ​ បន្តថាខ្លួនមិនត្រឹមតែ បង្កើតម៉ាក ជាអក្សរខ្មែរលើសំលៀកបំពាក់ប៉ុណ្ណោះទេ តែក៏គ្រោងពង្រីកទីផ្សារ ចែក ចាយ ម៉ាកសំលៀកបំពាក់នេះ ដោយនឹងធ្វើការនាំចេញទៅកាន់ប្រទេសផ្សេងៗ ផងដែរ៕