សោកស្ដាយណាស់ តារាជើងចាស់ហុងកុងម្នាក់ទៀតគឺ លោក Liu Kai Chi បានទទួលមរណភាពហើយ

តារាសម្ដែង​ហុងកុងវ័យ ៦៦ឆ្នាំ លោក Liu Kai Chi បាន​ទទួល​មរណភាពហើយកាល​ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រោយជំងឺមហារីកក្រពះធ្វើទុក្ខខ្លាំង​តាំងពី​ខែធ្នូ ឆ្នាំមុនមក។

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនតារាជើងចាស់រូបនេះបាន​លាចាកលោកហើយនៅមន្ទីរពេទ្យ Prince of Wales Hospital ប្រចាំហុងកុង ដោយបន្សល់ទុកនូវការអាឡោះអាល័យក្រៃលែងពីគ្រួសារ មិត្តភ័ក្តិ និងអ្នក​គាំទ្រ។

ទោះបី​មាន​ការ​មើលថែដិតដល់ពីភរិយាជាទីស្រឡាញ់ គឺ​តារាសម្ដែង Barbara Chan Man Yee ព្រមទាំងកូនប្រុសទាំង ២ និងមាន​ការ​យកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យយ៉ាងណា​​ក្ដី ប៉ុន្តែដោយសារសភាព​ជំងឺ​របស់លោកដាប​ខ្លាំង​ ទើប​មិនអាច​សង្គ្រោះបាន។

ទាក់ទងនឹង​ដំណឹង​មរណភាព​របស់លោក ខាងផលិតកម្ម​បាន​និយាយថា​ ក្រុមគ្រួសារលោកសូមថ្លែង​អំណរគុណចំពោះ​បុគ្គលិកមន្ទីរពេទ្យដែល​បាន​ចំណាយពេល​មើលថែ យ៉ាងយកចិត្តទុកដាក់ចំពោះ​លោក Liu កន្លងមកនេះ ហើយក៏អរគុណ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ និងមហាជន​ដែល​បារម្ភ និងចង់ដឹង​ពីស្ថានភាព​របស់តារា​ប្រុសរូបនេះ​កន្លងមក៕