វាសនាមើលមិនឃើញមែន! ពីកម្មករ​​រោង​ចក្រ​រហូត​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំ​ពាក់​ដ៏​ល្អ!

ក្នុង​ឆ្នាំ​២០០៨ ពេល​​ដែល​អ្នក​នាង ម៉ៅ​ គុន្ធា ចាប់​ផ្តើម​បង្កើត​ Dorsu (តស៊ូ)​ ​គឺ​គាត់​មាន​ត្រឹមតែ​២០០​ដុល្លា​ប៉ុណ្ណោះ​ដើម្បី​ចំណាយ​ ដោយមិន​ដែល​គិត​ដល់​ថា​គាត់​នឹង​អាច​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំ​ពាក់​​ដែល​អាច​ទទួល​បា​ន​ពាន​រង្វាន់​នោះ​ទេ​។​​

ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងតស៊ូ និងចំណាយពេលវេលាអស់រយៈពេលច្រើនឆ្នាំប្រកបដោយភាពអត់ធ្មត់ ទើបធ្វើឱ្យគាត់សម្រេចគោលដៅមួយជំហានបន្តិចមួយជំហានបន្តិចរហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

ដូច្នេះអត្ថបទខាងក្រោមនេះនឹងបង្ហាញលោកអ្នកពីដំណើរជីវិតតស៊ូរបស់អ្នកនាង​ ម៉ៅ គន្ធា និងដំណើរការនៃការបង្កើត Dorsu ឡើងដូចតទៅ៖


ដំណើរជីវិតរបស់អ្នកនាង ម៉ៅ គន្ធា


ក្នុងនាមជា​ក្មេង​ស្រី​ដែល​មាន​ស្រុក​កំ​ណើត​នៅ​ខេត្ត​​ តាកែវ​ និង​បាន​​ឈប់​រៀន​នៅ​អាយុ​ ១៦ឆ្នាំមក ពី​ឆ្នាំ​ក្រោយ​ក៏បាន​​ចូលធ្វើការ​ក្នុង​រោង​ចក្រ​ជា​មួយ​ក្មេង​ស្រីដទៃទៀត​ដែល​នៅ​ក្នុង​ភូមិជាមួយគ្នា​ដើម្បី​ធ្វើ​ការ​ជា​កម្ម​ករ​រោង​ចក្រ​អស់​រយៈ​បួន​ឆ្នាំ​។

ដោយ​ក្តីព្រួយបារម្ភថាតើនឹងត្រូវធ្វើយ៉ាងណាសម្រាប់ជីវិត និងមិន​ចង់​ធ្វើការនៅ​ក្នុង​រោងចក្ររហូត​ អ្នកនាងម៉ៅ គន្ធា បានសម្រេច​ចិត្ត​ចាប់ផ្តើមស្រម៉ៃពីជីវិតថ្មីមួយទៀត ដោយបានត្រៀមខ្លួនជាស្រេចសម្រាប់ការផ្លាស់ប្តូរ ដែល​ឱ្យគាត់ក្នុងមួយថ្ងៃៗចំំណាយពេលពីបីម៉ោងបង្កើតគម្រោង ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយផែនការរបស់គាត់ត្រូវបានរង្គោះរង្គើរនៅពេលដែលគាត់បានជួបស្វាមីរបស់គាត់ រៀបការមានកូន ហើយបានផ្លាស់ទៅរស់នៅខេត្តកំពត ព្រោះស្វាមីរបស់គាត់ធ្វើការនៅទីនោះក្នុងផ្ទះសំណាក់មួយ ។

ពេលនោះបានធ្វើឱ្យគាត់កើតក្តីព្រួយបារម្ភជាថ្មីម្តងទៀតថាខ្លាចមិនអាចរកចំំណូលបានគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ទើបជារៀងរាល់ថ្ងៃ គាត់តែង​សុំ​ស្វាមីឱ្យ​ស្វែង​រក​ការងារសម្រាប់គាត់ដើម្បីឱ្យគាត់ធ្វើការរកប្រាក់សម្រាប់ជាការរួមចំនែកជួយរកចំណូលចូលគ្រួសារ។

ការចាប់កំណើតនៃ Dorsu

ដោយជានិស្ស័យបាន​នាំ​ឱ្យ​អ្នកនាង ម៉ៅ គន្ធា ជួប​ជា​មួយ​អ្នកនាង​ Hanna Guy ដែល​សព្វថ្ងៃជាសហស្ថាបនិកនៃ Dorsu ។

នៅពេលដែលអ្នកនាង Hanna Guy បានឮប្តីរបស់អ្នកនាង ម៉ៅ គន្ធា សួរថៅកែជនជាតិអូស្រ្តាលីរបស់ខ្លួនថា “ តើមានការងារណាដែលអាចឱ្យប្រពន្ធខ្ញុំធ្វើដែរឬទេ? ” ភ្លាមនោះលោកថៅកែនោះក៏នឹកឃើញពីការបង្កើតកាបូបលក់នៅក្នុងផ្ទះសំណាក់តែម្តង ដោយឱ្យអ្នកនាង ម៉ៅ គន្ធា ដេរកាបូបពីផ្ទះសម្រាប់លក់។

ពេលនោះហើយបានធ្វើឱ្យអ្នកនាង Hannah មានការចាប់អារម្មណ៍ជាខ្លាំងរហូតមកដល់ពាក់កណ្តាលឆ្នាំ ២០០៨​ Dorsu ក៏​បានចាប់ផ្តើម​ឡើង​ជាមួយ​ប្រាក់​បណ្តាក់ទុន​ចំនួន​ ​២០០ ដុល្លាដែល​បង្កើតឡើងដោយអ្នកនាង គន្ធា និង គាត់ដោយមានម៉ាសុីន​ដេរបី​គ្រឿង​ និង​អ្នក​ធ្វើ​ការ​ម្នាក់។ 

ដោយចំណុចដែលផ្តោតដំបូងគឺលើការកាត់ដេរ ប៉ុន្តែ Dorsu មានចក្ខុវិស័យវែងឆ្ងាយសម្រាប់គោលដៅយូរអង្វែងរបស់ខ្លួន ដើម្បីអាចផ្តល់ការងារ និងការបណ្តុះបណ្តាលដល់ស្ត្រីក្នុងតំបន់​ ក៏ដូចជាអភិវឌ្ឍការរចនា និងជំនាញដេរដើម្បីផលិតបាននូវសម្លៀកដែលមានគុណភាព។

ដំណើរវិវដ្តនៃ Dorsu

ដោយអ្នកនាង ម៉ៅ គន្ធា មាន​ការ​ខិតខំប្រឹង​​ប្រែង​ និងយកចិត្តទុកដាក់យ៉ាង​ខ្លាំងក្នុងការ​រៀន​ភាសាអង់គ្លេស​និងជួយ​បង្រៀន​កូន​ជាង​ដើម្បី​ឱ្យ​​មាន​ជំ​នាញ​ច្បាស់​លាស់​នោះបានធ្វើឱ្យបន្ទុក​ការងារ​ក៏​កាន់​​តែ​ធ្ងន់​ឡើង​។

ព្រោះ​គាត់​ត្រូវ​គ្រប់គ្រង​​អាជីវកម្មទាំង​មូលដូច​ជា​ការ​ជួស​ជុល​ម៉ា​សុី​ បង្រៀន​បុគ្គលិកថ្មី​ៗ ​ការ​រៀប​ចំ​ផលិតផល និង​ការ​ជ្រើស​រើស​ក្រណាត់​ជា​ដើម​​។

រហូត​ដល់​ឆ្នាំ​២០០៩ ​Dorsu ​ក៏​បានជួលបុគ្គលិកពីរនាក់បន្ថែម​ទៀត និងបានផ្លាស់ប្តូរពីការិយាល័យតូចទៅជួលជាអាគារសម្រាប់ធ្វើការវិញម្តង ហើយអ្នកនាង ម៉ៅ គន្ធា បាននិយាយថា “ ពួកយើងបានចាប់ផ្តើមម្តងបន្តិចៗដោយការប្រើក្រណាត់ជជុះដែលទិញពីផ្សារកំពត ដើម្បីច្នៃចេញជាសម្លៀកបំពាក់។ ”

នៅខ្ទង់ឆ្នាំ ២០១៥ អាជីវកម្មរបស់គាត់ទទួលបានបុគ្គលិកកើនដល់​៦​នាក់ បន្ទាប់មកគាត់ក៏​បានសម្រេចចិត្តកែប្រែអាជីវកម្មរបស់គាត់ពីខ្នាតតូច ទៅជាអាជីវកម្មខ្នាតធំ និងជាកន្លែងសម្រាប់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកម្តង។

រហូត​មក​ទល់​សព្វ​ថ្ងៃ​ Dorsu មាន​បុគ្គលិក​រហូត​ដល់​២១នាក់​​ដែល​សុទ្ធ​តែ​មាន​ជំ​នាញ​ក្នុងការរចនា និងផលិត សម្រាប់​សម្លៀក​បំ​ពាក់​​ទាំង​បុរស​និង​ស្រ្តី​​ដ៏ទាន់សម័យ ប្រកបដោយភាពច្នៃប្រឌិតដោយប្រើក្រណាត់សល់ដែលមានគុណភាពពីរោងចក្រកាត់ដេរជាច្រើននៅក្នុងស្រុក និងបានដាក់លក់លើទីផ្សារក្នុងប្រទេសក៏ដូចជាក្រៅប្រទេសផងដែរ។

សម្មតិផលដែលបានពីការខិតខំប្រឹងប្រែង

អ្នកនាង គន្ធាបានឱ្យដឹងថា “ មុនពេលមិនទាន់មាន Dorsu គាត់មិនអាចនិយាយភាសាអង់គ្លេសបានទេ ហើយក៏មិនដឹងពីរបៀបបើកអាជីវកម្មដែរ ” ប៉ុន្តែគាត់បានសម្រេចចិត្តរៀនដោយខ្លួនឯង ហើយដៃគូអាជីវកម្មរបស់គាត់បានជួយបង្ហាត់បង្រៀននូវជំនាញដែលគាត់ត្រូវការដើម្បីអាចក្លាយជាម្ចាស់អាជីវកម្មមួយ។

ដោយមានការខិតខំប្រឹងប្រែងឥឡូវគាត់ក្លាយជាអ្នកច្នៃម៉ូតជំនាញ និងជាអ្នកគ្រប់គ្រងជំនួញនៃក្រុមហ៊ុនរបស់គាត់ និងអាចនិយាយភាសាអង់គ្លេសបានទៀតផង ។

​សម្រាប់រាល់​ការ​ប្រឹង​ប្រែង​ទាំងអស់របស់គាត់ក៏បានតបស្នងឱ្យគាត់វិញដែរ ដោយគាត់បានជ្រើស​រើស​ឱ្យ​ទទួលពាន​រង្វាន់​​ស្រ្តី​​ឆ្នើម​ក្នុង​មុខ​ជំ​នួញ​នៅ​អាសុី​ ដែល​ប្រារព្ធធ្វើ​ឡើង​នៅប្រទេស​សិង្ហបុរី​។

អ្នក​នាង​ ម៉ៅ​ គន្ធា បាន​បង្ហាញ​អារម្មណ៍​រំ​ភើប​រីក​រាយ​ជា​ខ្លាំង​​ ហើយ​គាត់ក៏​សង្ឃឹម​ថា​រឿង​រ៉ាវ​​នៃ​ជី​វិត​តស៊ូ​របស់​គាត់នឹង​អាច​ជួយ​លើក​ទឹក​ចិត្ត​ដល់​ស្រ្តី​កម្ពុជា​គ្រប់​រូប​ ឱ្យ​មាន​ភា​ព​ក្លា​ហាន​ និង​រឹង​មាំ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​បានដូចជាគាត់អញ្ចឹងដែរ។

ប្រភព៖ FORWARD