លោក ញាន ផល្លឹក អ្នកផលិតរថយន្តអគ្គិសនីអង្គរ បង្ហាញវត្តមានឡាន Golf Car ជាថ្មីនៅលើដងផ្លូវ

ក្រោយ​ពេល​បាត់​មុខ​ជា​ច្រើន​ឆ្នាំ​ពី​វត្តមាន​រថយន្ត​អង្គរ​បើក​នៅ​លើ​ដង​ផ្លូវ​ ពេល​នេះ​អ្នក​ផលិត​ឡាន​អគ្គិសនី​ដំបូង​នៅ​ខ្មែរ​ លោក ញាន ផល្លឹក បាន​បង្ហាវត្តមាន​ជា​ថ្មី​ពី​រថយន្ត​អង្គរ​ដែល​មាន​ឈ្មោះ​ថា Golf Car ត្រូវបាន​ផលិត​ឡើង​​កាល​ពី​ឆ្នាំ ២០១៨ ដែល​នៅ​តែ​មាន​ភាព​ទាក់ទាញ។

លោក ញាន ផល្លឹក អ្នកផលិតរថយន្តអង្គរ រូបភាពពី ហ្វេសបុក
ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​នៅ​លើ​ដងផ្លូវ​នេះ​លោក​បាន​​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសបុក​ផ្ទាល់​ខ្លួន​ថា «សាកល្បងធ្វេីឡាន Golf car​ កាលឆ្នាំ២០១៨ បានមួយគ្រឿង​ សំរាប់ជិះទៅហាត់ប្រាណព្រឹកៗនៅសួនច្បារមាត់ទន្លេ​ ម្យ៉ាងដែរអត់អស់លុយចាក់សាំង​ ប្រេីថាមពលអគ្គិសនី១០០%» ។ ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​របស់​រថយន្ត​អគ្គិសនី​អង្គរ ដែល​មាន​ឈ្មោះ​ថា Golf Car ផលិត​នៅ​ឆ្នាំ២០១៨ នេះ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ចាប់​អារម្មណ៍​ជា​ខ្លាំង និង​បាន​សួរ​នាំ​ពី​វត្តមាន​រថយន្ត​អង្គរ​ជំនាន់​មុនៗទៀត​ផង។

គួរ​រំលឹក​ដែរ​ថា រថយន្តអង្គរ ដែល​ជា​ស្នាដៃ​កូន​ខ្មែរ នឹង​ត្រូវ​បាន​ផលិត​ឡើ​ង​បាន​ជា​ច្រើន​ជំនាន់ មាន​ដូច​ជារថយន្ត​អង្គរ២០០៣ រថយន្ត​អង្គរ២០០៤ រថយន្ត​អង្គរ២០១០ រថយន្ត​អង្គរ EV ២០១៣ និង​រថយន្ត​អង្គរ EV ២០១៤ នៅ​ឆ្នាំ២០១៨ បាន​ចេញ​រថយន្ត​អង្គរ​ម៉ូដែល​ឈ្មោះថា Golf car មាន​ការ​រចនា​រូប​រាង​ខុសពីស៊េរី​មុន​ៗ។