លោកគ្រូ សោម ណារិទ្ធ ថាមានប៉ះសេចេះដៃឆ្វេង ចំណេញជាងអ្នកចេះដៃស្ដាំ

​ប៉ះសេមិនតម្រូវថា​ត្រូវចេះឆ្វេងឬស្ដាំឡើយ អ្វីដែលសំខាន់អ្នកនោះឯង ត្រូវមានភាពឆ្លាតវៃ លើកបាល់​ស្អាតល្អ ដាច់បាំងល្អ ចេះកែបាល់ខូច ជាពិសេសត្រូវយល់ចិត្តស្មាត់ទាំងអស់ ដើម្បីឱ្យពួកគេវៃផ្ដាច់យកពិន្ទុ។ ទោះបីជាយ៉ាងណា មានសំណួរមួយត្រូវបានចោទសួរថា តើអ្នកប៉ះសេ​ចេះដៃស្ដាំនិងដៃឆ្វេង ម្នាក់ណាចំណេញជាង?

លោកគ្រូ សោម ណារិទ្ធ (សើច) និងគ្រូធំ ចំណាន
បើតាមលោកគ្រូបង្វឹកបាល់ទះ របស់ក្លឹបស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងចំណោមអ្នកទាំងពីរនេះ អ្នកប៉ះសេចេះដៃឆ្វេងចំណេញជាងអ្នកប៉ះសេចេះដៃស្ដាំ ដ្បិតគេអាចមានអេឡង់​អវៃបាល់ពីរប៉ះបានល្អ។

អតីតជម្រើសជាតិបាល់ទះលើក្ដារ និងឆ្នេរខ្សាច់វ័យ៤៣ឆ្នាំ បានពន្យល់យ៉ាងដូច្នេះថា ៖”ប៉ះសេឆ្វេងវាចំណេញ ពេលដែលបាល់គងវីឡេអីយើងអាចវៃបាន វៃពីរពីរប៉ះសេ តែជំនាញនេះមិនសូវមានច្រើនទេស្រុកខ្មែរ»។

ការលើកឡើង​ខាងលើនេះ​ដោយសារតែលោកគ្រូ សោម ណារិទ្ធ ដែលចេះប្រើដៃឆ្វេងយ៉ាងស្ទាត់ជំនាញ ក៏ធ្លាប់ជាស្មាត់និងជាអ្នកប៉ះសេ​ កាលជំនាន់លោកនៅអាចលេងបាន ហើយការវៃបាល់ពីរប៉ះរបស់លោក គឺមានប្រសិទ្ធភាពខ្ពស់ ហើយថែមទាំងវៃចូលមុខគូប្រជែងទៀតផង។ នេះបើតាមការបញ្ជាក់ពីលោកគ្រូ សោម ណារិទ្ធ។

បច្ចុប្បន្នអ្នកប៉ះសេដែលជំនាញដៃឆ្វេងមានពីររូបគឺកីឡាករ សួន ចាន់ណារ៉ូ របស់ក្លឹបបាល់ទះវិសាខា និង ប៊ន ណារិទ្ធ កីឡាកររបស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ។

សួន ចាន់ណារ៉ូ អ្នកប៉ះសេជំនាញដៃឆ្វេងរបស់ក្លឹបបាល់ទះវិសាខា
ទស្សនាវីដេអូលោកគ្រូ សោម ណារិទ្ធ វៃបាល់ពីរប៉ះនៅនាទីទី ៩ និង ៣៩ វិនាទី។

វីដេអូនេះជាការប្រកួតរវាងក្រុមនគរបាលកម្ពុជា និងក្រុមនគរបាលហ្វីលីពីន ក្នុងពានរង្វាន់អាស៊ានប៉ូលិស ក្នុងទីក្រុងហាណូយប្រទេសវៀតណាម ឆ្នាំ២០០៥។ លោកគ្រូសោម ណារិទ្ធ ពាក់អាវលេខ៩ លេងក្នុងតំណែង​ប៉ះសេ ហើយក្នុងនោះក៏មានលោកគ្រូ សោម ចំណាប់ ជាប្អូនបង្កើតពាក់លេខ៧ និងលោកគ្រូ ឆាត របស់ក្រសួងមហាផ្ទៃជាដើម៕