
Lionel Messi ត្រូវពិន័យមិនឲ្យចូលលេងចំនួន២ប្រកួតពីគណៈកម្មាធិការរបស់សហព័ន្ធបាល់ទាត់របស់អេស្ប៉ាញ សម្រាប់ការទទួលបានកាតក្រហមរបស់គេនៅក្នុងការប្រកួតពាន Spanish Super Cup។
សារព័ត៌មានរបស់អេស្ប៉ាញធ្លាប់បានចេញផ្សាយកាលពីពេលថ្មីៗថា Messi អាចនឹងប្រឈមមុខព្យួរមិនឲ្យលេង១២ប្រកួត ក្រោយសាងកំហុសនៅវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup។ ប៉ុន្តែក្រោយពីមានការពិភាក្សា កីឡាករសញ្ជាតិអាហ្សង់ទីនត្រូវគេព្យួរតែ២ប្រកួតប៉ុណ្ណោះ ខណៈ Barcelona គ្រោងនឹងប្ដឹងតវ៉ា។
សម្រាប់ការពិន័យនេះ Messi នឹងខកខានមិនបានលេងឲ្យ Barcelona ក្នុងជំនួបជាមួយ Cornella ក្នុងពាន Copa del Rey និង Elche នៅពាន La Liga។ រំឭកថា ការប្រកួតកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន Messi បានសាងកំហុសនៅម៉ោងបន្ថែមលើខ្សែប្រយុទ្ធ Asier Villalibre របស់ក្លឹប Athletic Bilbao។