រងការរិះគន់រឿងរាំឌឺដងខ្លាំងពេក ពេលនេះចាវកំពង់ចាម ចេញមុខបកស្រាយឱ្យអស់ចម្ងល់

ចប់ការប្រកួតមិត្តភាពរវាងក្លឹបបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានអង្គរក្សភ្លាម វីដេអូវៃបាល់ចំមុខ និងរាំឌឺដង​របស់​ ឌី លីដា ហៅស្មាត់ចាវកំពង់ចាមទៅលើកីឡាករ ប្រាក់ សំណាង ​ត្រូវបានកាត់ និងបង្ហោះ​ចែកចាយព្រោងព្រាតលើបណ្ដាញសង្គម TikTok និង YouTube។

ចាវបន្ថែមថាមិនខុសពីកីឡាផ្សេងទៀតដូចជា​ប្រដាល់ ក្រោយកីឡាករណាម្នាក់ផ្ដួលដៃគូឱ្យសន្លប់ គេតែងរត់ស្រែហ៊ោពេញសង្វៀន ដើម្បីបង្ហាញពីភាពខ្លាំងរបស់គេ ហើយក្រោយមកទើបកីឡាកររូបនោះ ទៅសុំទោសវិញ។

កីឡាកររបស់ស្នងការនគររាជធានីភ្នំពេញវ័យ២៦ឆ្នាំ បានបញ្ជាប់បែបនេះ ៖«ពេលរាំហ្នឹង ធម្មតាពេលគេវៃស៊ីហើយ គេសប្បាយគេក្នុងការជោគជ័យគេហើយ ហើយពេលចប់ពីហ្នឹង ខ្ញុំបានលើកដៃសុំទោស​ក្រោយបង​…បងសាកមើលវីដេអូមើល ខ្ញុំបានលើដៃបញ្ជាក់ពីការសុំទោស…សូមកុំឱ្យបងប្អូនយល់ច្រឡំមកលើខ្ញុំទៀត …ណាមួយកីឡាករអង្គរក្សនឹងខ្ញុំសុទ្ធតែជិតស្និទ្ធនឹងគ្នា…គ្រាន់តែលើកដៃគេដឹងហើយ»។

គួរបញ្ជាក់ថានៅដើមសិតទី៤ ក្នុងជំនួបមិត្តភាពកាលពីថ្ងៃ១៥ ខែមករា ឆ្នាំ២០២១ នៅតារាងបាល់ទះបឹងកក់ ស្មាត់កម្ពស់១,៨៥ម៉ែត្រ បានវៃបាល់ដាច់បាំងត្រូវមុខលីប៊័រ៉ូ ប្រាក់ សំណាង កីឡាករក្រុមបញ្ជាការដ្ឋានអង្គរក្ស ដួលផ្កាប់មុខពីរបីត្រឡប់ និងត្រូវបានប្ដូរចេញ។ ចាវថ្ងៃនោះបានបង្ហាញទម្រង់លេងយ៉ាងល្អ ចប់ការប្រកួត៥សិត ក្រុមស្នងការរាជធានីភ្នំពេញ បានយកឈ្នះក្រុមអង្គរក្ស ៣សិតទល់នឹង២សិត៕