រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ចំនួន​៥​នាក់​ទៀត​ហើយ ដែល​មាន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី០១នាក់

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួងសុខាភិបាល​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន​៥​នាក់​ទៀត ដែល​សុទ្ធ​សឹង​ជា​ករណី​នាំ​ចូល ។

ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​ថា អ្នករក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​នេះ មាន​ម្នាក់​ជា​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី និង​៤​នាក់​ទៀត​ជា​បុរស​ជនជាតិ​ខ្មែរ ដែល​ត្រឡប់​មក​ពី​ប្រទេស​ប៉ា​គី​ស្ថាន ។

ក្រសួងបានបន្តថា បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​អាយុ ១៨​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​២ មិត្តភាព ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​លទ្ធផល​តេស្តវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ​។

បុរស​រូប​នេះ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​មក​ដល់​កម្ពុ​ជា នា​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដែល​មាន​អ្នកដំណើរ​សរុប​ចំនួន​១២១​នាក់ ក្នុង​នោះ​មាន ជនជាតិ​ខ្មែរ​៨១​នាក់ ជនជាតិ​ម៉ា​ឡេ​ស៊ី ១៤​នាក់ ស្ត្រី​ជនជាតិ​វៀតណាម ០១​នាក់ បុរស​ជនជាតិ​ចិន​០២​នាក់ ជនជាតិ​អូស្ត្រាលី ០៤​នាក់ (​ស្ត្រី​០២​នាក់​) និង​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី ១៩​នាក់ (​ស្រី​០១​នាក់​) ដែល​ពួក​គាត់​ទាំង ១៩​នាក់​នេះ​ជា អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បន្ត​ជើងហោះហើរ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មក​កាន់​ប្រទេស​កម្ពុជា​។

សូម​ជម្រាប​ថា គិត​ត្រឹម​ម៉ោង​០៧ ៖០០​ព្រឹក ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ នៅ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​២៣៩​នាក់ (​ស្ត្រី​៤៦​នាក់ និង​បុរស ១៩៣​នាក់​) ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន​១៦៤​នាក់ (​ស្រី​៤២​នាក់ និង​បុរស​១២២​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៧៣​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា មាន​២​នាក់ ៕