រកឃើញអ្នកផ្ទុកកូវីដ ទី ៣០៥ ក្នុងចំណោមអ្នកដំណើររួមយន្តហោះ ៦០នាក់

ក្រសួងសុខាភិបាល បានប្រកាស​នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះថា មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់ទៀត ជា​បុរស​ជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ ដែលបានធ្វើដំណើរ​មកពីសហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា។

ក្រសួង​បានបញ្ជាក់ថា បច្ចុប្បន្ន​បុរស​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់អង្រែ រាជធានីភ្នំពេញ ចំណែកអ្នករួមដំណើរ ៥៩នាក់ផ្សេងទៀតដែល​ទទួលលទ្ធផល​អវិជ្ជមាន ត្រូវ​បានដាក់​ឲ្យ​ធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ។

នៅព្រឹកដដែលនេះ ក៏មានករណីជាសះស្បើយម្នាក់ផងដែរ គឺ​លោក ស ចិត្រា អគ្គលេខាធិការ​រង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានឆ្លងក្នុងព្រឹត្តិការណ៍៣វិច្ឆិកាកន្លងទៅ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជា មាន​ករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣០៥នាក់ ក្នុងនោះ មាន​២៩៥នាក់បានជាសះស្បើយ និង១០នាក់ទៀត កំពុង​ព្យាបាល។