យន្ដហោះ​Rafale​ឥណ្ឌាទើបបានពីបារាំង​សមត្ថភាពវាខ្លាំងញាក់សាច់កម្រិតណា?

ឥណ្ឌាបានទិញយន្តហោះចម្បាំង​Rafale​ចំនួន​៣៦​គ្រឿងពីបារាំងក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្នុងឆ្នាំ​២០១៦​ក្នុងតម្លៃ​៨,៧​ពាន់លានដុល្លារ។​ការដឹកជញ្ជូនយន្ដហោះដែលបានចាប់ផ្តើមនៅខែតុលាឆ្នាំ​២០១៩​នឹងបញ្ចប់នៅឆ្នាំ​២០២២។​ឥណ្ឌាបានជំរុញឱ្យបារាំងពន្លឿនការដឹកជញ្ជូន​ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយចិននៅតាមព្រំដែន។

យន្តហោះ​Rafale​ចំនួន​៥​គ្រឿង​ដែលមានប្រភេទកៅអីមួយចំនួន​៣​គ្រឿងនិងកៅអីពីរចំនួន​២​គ្រឿងបានមកដល់ស្ថានីយទ័ពអាកាសអាមបាឡាឡាកាលពីថ្ងៃពុធទី២៩កក្កដា​បន្ទាប់ពីជិះចម្ងាយ​៨​៥០០​គីឡូម៉ែត្រពីប្រទេសបារាំង។​រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាបានហៅឱកាសនោះថាជាការចាប់ផ្តើមនៃយុគសម័យថ្មីនៅក្នុងប្រវត្តិសាស្ត្រយោធារបស់ប្រទេសនេះ។

កងទ័ពអាកាសឥណ្ឌាបានហៅយន្ដហោះទាំងនោះថាជា​“អ្នកផ្លាស់ប្តូរស្ថានការណ៍”​ចំពេលមានការប្រឈមមុខដាក់គ្នាជាបន្តជាមួយចិននៅព្រំដែនខាងជើង។​ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួននៃយន្ដហោះ​Rafale​ដែលបានផ្លាស់ប្តូរតុល្យភាពបច្ចេកវិជ្ជារបស់ឥណ្ឌា​ដែលជាផ្នែកមួយនៃកម្មវិធីទំនើបកម្មរបស់ខ្លួន​៖

ប្រសិទ្ធភាពខាងប្រយុទ្ធ
យន្តហោះ​Rafale​ជំនាន់​៤,៥​នេះបានសបញ្ជាក់ពីប្រសិទ្ធភាពក្នុងការប្រយុទ្ធ​ព្រោះវាត្រូវបានប្រើដោយកងទ័ពអាកាសបារាំងសម្រាប់បេសកកម្មរបស់ខ្លួននៅអាហ្វហ្គានីស្ថានលីប៊ីនិងម៉ាលី។​វាក៏ត្រូវបានប្រើនៅក្នុងបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលអ៊ីរ៉ាក់និងស៊ីរីផងដែរ។​Rafale​ក៏អាចផ្ទុកប្រេងឥន្ធនៈនិងអាវុធបានច្រើនផងដែរ។​ជាមួយនឹងភាពតានតឹងនៅតាមព្រំដែនក្នុងតំបន់ឡាដាក់​យន្តហោះនេះនឹងធ្វើឱ្យឥណ្ឌាមានប្រៀបជាងយន្តហោះ​J20​Chengdu​របស់ចិន។

យន្ដហោះនេះក៏រួមបញ្ចូលលក្ខណៈពិសេសមួយផងដែរ​គឺ​“ការបញ្ឆេះម៉ាស៊ីនឱ្យដំណើរការតែរក្សាម៉ាស៊ីនឱ្យនៅត្រជាក់”​ដែលអាចឱ្យពួកវាដំណើរការបាននៅឯមូលដ្ឋានទ័ពអាកាសដែលមានកម្ពស់ខ្ពស់ដូចនៅជិតព្រំដែនភ្នំហេមពាន្តជាមួយចិន។

រយៈចម្ងាយឆ្ងាយ
ដោយសារតែកង្វះសព្វាអាវុធចម្ងាយឆ្ងាយនិងឧបករណ៍ចាប់សញ្ញាពីចម្ងាយ​កងទ័ពអាកាសឥណ្ឌាងាយរងគ្រោះ​នៅពេលនិយាយដល់ប្រព័ន្ធការពារអាកាសរបស់ខ្លួន។​ជាមួយនឹងសមត្ថភាពពហុតួនាទីរួមមានសង្គ្រាមអេឡិចត្រូនិក​ការការពារអាកាស​ការគាំទ្រពីដី​និង​ការវាយប្រហារស៊ីជម្រៅ​យន្តហោះ​Rafale​មានរយៈចម្ងាយចន្លោះពី​៧៨០​ទៅ​១០៥៥​គីឡូម៉ែត្របើប្រៀបធៀបទៅនឹងយន្ដហោះ​Su30MKI​មានរយៈចម្ងាយតែ​៤០០​ទៅ​៥៥០​គីឡូម៉ែត្រប៉ុណ្ណោះ។

ជាមួយសមត្ថភាពនេះ​ឥណ្ឌាអាចតតាំងជាមួយយន្តហោះប៉ាគីស្ថានឬចិននៅចម្ងាយឆ្ងាយ​ដោយគ្មានហានិភ័យនៃការដែលគេដេញតាមទាន់។

សមត្ថភាពមីស៊ីលទំនើប
យន្តហោះ​Rafale​បានរួមបញ្ចូលមីស៊ីលបាញ់ពីអាកាសទៅអាកាសឈ្មោះ​Meteor​មីស៊ីល​SCALP​និងមីស៊ីល​MICA។​មីស៊ីល​Meteor​ដើរដោយម៉ាស៊ីន​Ramjet​បច្ចុប្បន្នជាមីស៊ីលបាញ់ពីអាកាសទៅអាកាសចម្ងាយឆ្ងាយបំផុតនិងភាពសាហាវរបស់វាអាចត្រូវបានវាស់ស្ទង់ដោយការពិតដែលថាវាអាចរក្សាបាននូវល្បឿនកប់របស់វាជាប់លាប់រហូតដល់វារត់ទៅដល់គោលដៅ។​សមត្ថភាពហោះបាន​៥៦០​គីឡូម៉ែត្ររបស់មីស៊ីល​SCALP​និងភាពជាក់លាក់របស់វានឹងជួយឱ្យយន្តហោះចម្បាំងឥណ្ឌាវាយលុកលើគោលដៅនៅទីខ្ពស់នៅក្នុងទឹកដីរបស់សត្រូវ​ដោយមិនចាំបាច់ហោះចូលដែនអាកាសរបស់សត្រូវ។

ការកែច្នៃបន្ថែមរបស់ឥណ្ឌា
យន្ដហោះ​Rafale​ដែលបំពាក់ដោយកាមេរ៉ាមានសមត្ថភាពថតរូបភាពគុណភាពខ្ពស់ពីលើអាកាសរាប់ពាន់ម៉ែត្រ​ត្រូវបានកែច្នៃថែមដោយឥណ្ឌាមានដូចជា​អេក្រង់បំពាក់នៅក្បាលយន្តហោះទិញពីអ៊ីស្រាអែល​ឧបករណ៍រ៉ាដាទទួលសញ្ញាព្រមាន​ឧបករណ៍ផ្តាច់វិទ្យុទាក់ទងនៅកម្ពស់ទាប​ការកត់ត្រាទិន្នន័យហោះហើររយៈពេលបាន១០ម៉ោង​និង​ប្រព័ន្ធស្វែងរកដោយកាំរស្មីអ៊ីនហ្វ្រារ៉េត​ព្រមទាំងប្រព័ន្ធតាមដានដទៃទៀតជាច្រើន៕