
វេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឺត្តបណ្ឌិត ប៊ុន រ៉ានី បានអញ្ជើញជាកិត្តិយសក្នុងការចាក់វ៉ាក់សាំង អាស្ត្រាហ្យីនីកា ដែលជាជំនួយរបស់ប្រទេសឥណ្ឌា នៅមន្ទីពេទ្យកាល់ម៉ែត។
នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងសម្តេចគតិព្រឺត្តបណ្ឌិត ប៊ុន រ៉ានី នឹងចាក់វ៉ាក់សាំង អាស្ត្រាហ្យីនីកាដំបូងគេនៅថ្ងៃនេះ នៅមន្ទីពេទ្យកាល់ម៉ែត នៅវេលាម៉ោង៨ព្រឹកនេះ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ហេតុដូច្នេះហើយទើប សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ។

គួរបញ្ជាក់ដែរថា វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដែល វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ ៕