មិត្តភ័ក្តិជិតស្និទ្ធ អះអាងថាទាំង G-Dragon និង Jennie មិនបានព្យាយាមលាក់ពីរឿងស្នេហានេះទេ

ផ្អែកតាម​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃនេះពីទំនាក់ទំនង​ស្នេហា​របស់ G-Dragon និង Jennie ដែល​បាន​ទាក់ទង​គ្នាជាង ១ ឆ្នាំ​នោះ មិត្តភ័ក្តិដែល​ជា​អ្នកជិតស្និទ្ធរបស់តារាទាំង ២ បាន​លើកពីហេតុផល​ដែល YG នៅស្ងៀមមិនបកស្រាយ​ពីព័ត៌មាន​នេះ។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាម​សេចក្ដីរាយការណ៍ពី SPOTV បាន​បង្ហាញព័ត៌មាន​ដែលទទួលបាន​ពីមិត្តភ័ក្តិ ២នាក់​របស់​ G-Dragon និង Jennie ទាំង GD និង​ Jennie មិន​បាន​ព្យាយាម​លាក់បាំងពីទំនាក់ទំនង​ស្នេហារបស់ខ្លួន​ទៅកាន់​មិត្តភ័ក្តិទេ។

មិត្តម្នាក់បាន​លើកឡើងថា​៖ «G-Dragon និង Jennie មិនបាន​លាក់ពីទំនាក់ទំនង​នេះ​ទេ ពួកគេ​បាន​ណែនាំ និងទទួល​ស្គាល់ទៅវិញទៅមក ថាជាគូស្នេហ៍នឹងគ្នា ហើយពួកគេក៏តែងណាត់​ជួបគ្នាជាមួយនឹង​មិត្តភ័ក្តិផ្សេង​ទៀតដែរ។ ខ្ញុំគិតថា វាជាបន្ទុកដ៏ធ្ងន់សម្រាប់អ្នកទាំងពីរក្នុងការទទួលស្គាល់ទំនាក់ទំនងរបស់ខ្លួន ដោយគិតគូលើស្ថានភាពផ្ទាល់ខ្លួនផ្សេងៗ​»។

ងាកមកការលើកឡើងរបស់មិត្តម្នាក់ទៀត បាន​និយាយពីភាពលំបាកសម្រាប់តារាទាំង ២​ក្នុង​ការ​បង្ហាញរឿងស្នេហា៖ «មិនមែន​ជា​រឿងងាយស្រួល​ទេ ដែល​ត្រូវទទួលយកដំណឹងទាក់ទងស្នេហានេះ ដោយសារពួកគេគឺជាតារាស្ថិតនៅក្រោមផលិតកម្មតែមួយ និងជារៀមច្បង សិស្សប្អូនក្នុង​វិស័យតែមួយ»។

អ្វី​ដែលគួរ​ឲ្យកត់សម្គាល់ផ្សេងទៀតនោះ នៅពេល​មួយ មេក្រុម BIGBANG ក៏ធ្លាប់លើកឡើងដែរពេលចូលរួមកម្មវិធីវិទ្យុមួយកាលពីពេលកន្លងទៅ គឺទាក់ទង​នឹង​រាល់ព័ត៌មាន​ស្នេហារបស់ G-Dragon ទាំងអស់ លោកមិនដែលចេញមុខប្រកាសថាជាការពិត ឬយ៉ាងណា​ទេ។ G-Dragon ខ្លួនឯងជឿជាក់ថា វាមិនមែន​ជាអ្វីដែលលោកត្រូវតែបញ្ជាក់នោះទេ ស្របពេល​នេះជាជីវិត​ឯកជន​របស់លោក។

យ៉ាងណាមិញទាក់ទង​នឹង​រឿងនេះ​ដដែល ផលិតកម្ម YG នៅតែបន្តភាពស្ងាត់ស្ងៀម និងមិនបកស្រាយអ្វីច្រើន ក្រៅពីបញ្ជាក់ថា​នេះ​ជា​រឿងផ្ទាល់ខ្លួនរបស់តារាៗ ដូចនេះ​ពួកគេមិនលូកដៃឡើយ៕