ភ្ញាក់ផ្អើល! ការពិត Lamborghini Aventador គ្រឿងទី១ម៉ឺន ដែលដឹកទៅថៃ ម្ចាស់ជាជនជាតិខ្មែរសោះ

កាលពីពេលថ្មីៗកន្លងទៅនេះ Lamborghini បានអបអរសាទរនូវជោគជ័យដ៏សំខាន់មួយ គឺការផលិតរថយន្ត Aventador បានសរុប ១០ ០០០គ្រឿង នៅរោងចក្រ Sant’Agata Bolognese។

Aventador គ្រឿងទី១ម៉ឺននោះ គឺជាម៉ូដែល SVJ Roadster ដែលមានតួខ្លួនពណ៌ប្រផេះ Grigio Acheso និង កាប៊ីនខាងក្នុងពណ៌ក្រហម Rosso Mimir ហើយរថយន្តនោះនឹងត្រូវដឹកទៅកាន់ប្រទេសថៃ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ម្ចាស់រថយន្តខាងលើនេះ ការពិតគឺជាជនជាតិខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ។

(រូបភាព ៖ Petrolheads Nation)
ថ្វីបើប្រភពមិនបានបង្ហាញពីអត្តសញ្ញាណរបស់គេក្តី ប៉ុន្តែប្រភពព័ត៌មានបានឲ្យដឹងថា គេថែមទាំងមានកំពូលរថយន្តស្ព័រផ្សេងទៀត ដូចជា Ferrari LaFerrari និង Bugatti Chiron Sport 110 Year Edition ផងដែរ។

រថយន្តបើកដំបូលខាងលើ មានបំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ Naturally Aspirated V12 មានកម្លាំង ៧៥៩សេះ ដំណើរការដោយប្រអប់លេខ ៧វគ្គ និងប៉ុងពីរ AWD អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

(រូបភាព ៖ Petrolheads Nation)
Aventador បានចាប់ផ្តើមចូលសង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ២០១១ ដោយនៅពេលនោះមានតែប្រភេទ Coupe កម្លាំង ៦៩០សេះប៉ុណ្ណោះ។ ក្រោយមកប្រភេទបើកដំបូល Roadster ក៏បានចេញនៅក្នុងឆ្នាំ២០១២៕