ពាន​រង្វាន់​សហគ្រិនថ្នាក់ជាតិ ២០២០ ប្រកួត​ផ្ដាច់ព្រ័ត្រ​ចុង​ខែនេះហើយ

ពាន​រង្វាន់​សហគ្រិន​ថ្នាក់ជាតិ ឆ្នាំ២០២០ ដែលរៀបចំឡើងដោយ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និងនវានុវត្តន៍ (NIEI) និងសហគ្រិនខ្មែរ (KE) នឹងរៀបចំ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ នៅ​ថ្ងៃទី២៧ ខែសីហា​ ខាងមុខនេះ នៅ​សណ្ឋាគារហ៊ីម៉ាវ៉ារី (ភ្នំពេញ)។

បេក្ខជន​ដែលជាប់ចំណាត់ថ្នាក់​លេខ១ ដល់លេខ៣ ក្នុង​វគ្គ​ជម្រុះ នឹង​ចូលរួម​ប្រកួត​ប្រជែង​គ្នាយក​ជ័យលាភី ដែលនឹងទទួលបាននូវ​ថវិកា ១ម៉ឺន​ដុល្លារ និងអត្ថបទប្រយោជន៍ជាច្រើនទៀត ដូចជា ទទួលបាន​ពាន​រង្វាន់​ជ័យលាភី​ថ្នាក់ជាតិ១, ក្លាយជា​ទីប្រឹក្សា​វិទ្យាស្ថាន NIEI, ជាគណៈ​កម្មការ​ផ្ដល់ពិន្ទុ​សម្រាប់​ការប្រកួត​ឆ្នាំបន្ទាប់, ជាវាគ្មិន​កិត្តិយស​ក្នុង​កម្មវិធីសហគ្រិន​របស់​វិទ្យាស្ថាន ជា​តំបន់របស់​វិទ្យាស្ថាន​ចូលរួម​ប្រកួត​ប្រជែង​ពាន​រង្វាន់​សហគ្រិន​ក្នុងតំបន់ និង​ទទួល​បាន​លិខិត​បញ្ជាក់​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិទ្យាជីវៈ និង​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។

បេក្ខជន​ជាប់​ចំណាត់ថ្នាក់​ក្នុង​វគ្គ​ជម្រុះ តាម​តំបន់​ទាំង ៥ រួមមាន​ដូចខាងក្រោម៖

វគ្គជម្រុះប្រចាំតំបន់កំពត

ចំណាត់ថ្នាក់លេខ១៖ កញ្ញា ថូង ធីតា (THAUNG ENTERPRISE ខេត្តកំពត)

ចំណាត់ថ្នាក់លេខ២៖ លោក ឈឹម ច័ន្ទឆាយា (កសិដ្ឋាន ហង្សម៉ាច ខេត្តតាកែវ)

ចំណាត់ថ្នាក់លេខ៣៖ កញ្ញា កែន សត្ថាច័ន្ទលក្ខណា (La Fortress Boutique Hotel ខេត្តកែប)

វគ្គជម្រុះ​ប្រចាំតំបន់កណ្តាល

ចំណាត់ថ្នាក់លេខ១៖ លោកស្រី ចេន សុភាព (សហគ្រាសកីតម្បាញខ្មែរ រាជធានីភ្នំពេញ)

ចំណាត់ថ្នាក់លេខ២៖ លោក ស៊ន ឌីប៉ង់ ក្រុមហ៊ុន SCW3PS CO., LTD រាជធានីភ្នំពេញ)

ចំណាត់ថ្នាក់លេខ៣៖ លោក សៅ វណ្ណបញ្ញា ក្រុមហ៊ុន E-GETS TECHNOLOGY CO., LTD រាជធានីភ្នំពេញ)

វគ្គជម្រុះប្រចាំតំបន់ស្វាយរៀង

ចំណាត់ថ្នាក់លេខ១៖ លោកស្រី ឡឹង ម៉ានុត (សហគ្រាសគ្រាប់ស្វាយចន្ទីចំការលើ ខេត្តកំពង់ចាម)

ចំណាត់ថ្នាក់លេខ២៖ លោក យិន សុភាព (ខេ វ៉ាយ អេឌ្យូខេសិន ឯ.ក ខេត្តស្ទឹងត្រែង)

ចំណាត់ថ្នាក់លេខ៣៖ លោក សុខ បូរិន (សិប្បកម្ម សុខ បូរិន ខេត្តស្វាយរៀង)

វគ្គជម្រុះ​ប្រចាំតំបន់សៀមរាប

ចំណាត់ថ្នាក់លេខ១៖ លោក ម៉ក់ រូហ្សា ( ផ្ទះស្នាក់ និងភោជនីដ្ឋានស្ទឹងតូច ម៉ក់ រូហ្សា)

ចំណាត់ថ្នាក់លេខ២៖ លោក អេង សារី ( ភោជនីដ្ឋានដំណាក់រាជសីហ៍)

ចំណាត់ថ្នាក់លេខ ៣៖ លោក សុទ្ធ វណ្ណៈ ( Australia Pacific Investment Co.,Ltd)

វគ្គជម្រុះប្រចាំតំបន់បាត់ដំបង

ចំណាត់ថ្នាក់លេខ១៖ លោកស្រី ម៉ៅ សុផា (សិប្បកម្មផលិតប្រេងខ្យល់ និងប្រេងកូឡាសញ្ញាស្លឹកពោធិ៍មាស)

ចំណាត់ថ្នាក់លេខ២៖ លោកស្រី ម៉ន សារឿត( សិប្បកម្មសូត្រមាសខ្មែរ)

ចំណាត់ថ្នាក់លេខ៣៖ លោកស្រី ញ៉ែម ច័ន្ទនី ( ហេង ច័ន្ទនីអង្គរមាស ឯ.ក)

ការប្រកួត​វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨យប់ នៅសណ្ឋាគារ​ហ៊ីម៉ាវ៉ារី (ភ្នំពេញ)។ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញធ្វើជាគណៈអធិបតី​ក្នុង​កម្មវិធីបិទ​ការប្រកួត​ប្រជែង​ពាន​រង្វាន់សហគ្រិន​ថ្នាក់ជាតិ ឆ្នាំ២០២០ នេះផងដែរ។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) និងសហគ្រិនខ្មែរ (KE) បានសហការគ្នារៀបចំពានរង្វាន់សហគ្រិនថ្នាក់ជាតិ ២០២០ ក្នុងគោលបំណងសំខាន់ ៣ គឺទី១ ដើម្បី​អបអរសាទរ និងរៀបចំពានរង្វាន់សម្រាប់សហគ្រិនកម្ពុជា ទី២ យល់ដឹងជាសាធារណៈអំពីតួនាទីរបស់សហគ្រិនក្នុងការគ្រប់គ្រងអាជីវកម្មធុនតូច និងមធ្យម និងទី៣ គឺដើម្បី​ពង្រឹង និងពង្រីកភាពជាដៃគូរវាងវិស័យសាធារណៈ ឯកជន និងទំនួលខុសត្រូវសង្គមតាមរយៈការកសាងអនាគតសហគ្រិននៅកម្ពុជា។ ពានរង្វាន់នេះមានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការឧបត្ថម្ភធំគឺធនាគារ “ស្ថាបនា” ឧបត្ថម្ភបន្ទាប់ពី Agribee, Coca-Cola, Manulife, SPEED WIND, SBK, LIBT ខណៈ Sabay គឺជាដៃគូផ្សព្វផ្សាយ៕