បងស្រីៗ បើមិនចង់បរាជ័យពេលចេញរកស៊ី មិនថាអាជីវកម្មខ្នាតតូចឬធំក្តី គួរដឹងគន្លឹះសំខាន់ៗទាំង ៥ នេះ!

គំនិតអាជីវកម្ម៖ មុខ​របរ​​ជំនួញ​​តូច​ធំ អាច​ដំណើរ​ការ​ដោយ​រលូន​ទៅ​បាន អាស្រ័យ​មាន​យុទ្ធសាស្ត្រ​ ការ​រៀប​ចំ​ រួម​​ទាំង​សកម្មភាព​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ។ សូម្បី​​តែ​ជំនួញ​ជោគជ័យ​ល្បី​ឈ្មោះ​ហើយក៏​ដោយ គឺ​ត្រូវ​ទាម​ទារ​ឲ្យ​​មាន​គំនិត​ថ្មីៗ​ ដើម្បី​ភាព​​​រីក​ចម្រើន​ទៅ​មុខ​​បន្ត​។

ខាង​ក្រោម​នេះ​ ជា​​គន្លឹះ​សំខាន់ៗ​ បើ​​អ្នក​ចង់​ជោគជ័យ​លើ​មុខ​ជំនួញ​ផ្សេងៗ​៖

១. អាច​បំពេញ​តម្រូវ​ការ​អតិថិជន

​ការ​រក​ស៊ី​ សំខាន់​បំផុត​គឺ​អាច​បំពេញ​នូវ​តម្រូវ​ការ​របស់​អតិថិជន។ មុន​ចង់​គិត​លក់​​ឬ​ផ្តល់​សេវាកម្ម​អ្វី​មួយ​ ត្រូវ​ចោទ​សំណួរ​ខ្លី​ថា​ ហេតុ​អ្វី​​ចាំ​បាច់​​ត្រូវ​លក់​របស់​ទាំង​នោះ​? តើ​នរណា​ខ្លះ​ដែល​នឹង​ជាវ​យក​ទៅ​ប្រើ​ប្រាស់​? បើ​ឆ្លើយ​សំណួរ​​ទាំង​នេះ​បាន​ហើយ មាន​ន័យ​ថា អ្នក​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​បម្រើ​ដល់​អតិថិជន មិន​មែន​​ចេញ​រក​ស៊ី​ឲ្យតែ​បាន​ៗ​ទេ។


២. ត្រូវដឹងពីគុណភាព​ពី​ផលិតផល( តេស្តមើលផលិតផល)

​​​ផលិតផល​ដែល​អ្នក​ត្រៀម​នឹង​លក់​ចេញ តើ​វា​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​ទីផ្សារ​បាន​ដែរ​ទេ? គួរ​​សង្កេត​មើល​ផលិតផល​ផ្សេង​ទៀត​​ដែល​​​ស្រដៀង​គ្នា​​នឹង​ផលិតផល​របស់​អ្នក ​ថា​​តើ​វា​​មាន​​ដំណើរ​ការ​លើ​ទី​ផ្សារ​​យ៉ាង​ណា​ដែរ?

ដំបូង​អ្នក​អាច​តេស្ត​សាក​ល្បង​ ដាក់​លក់​នៅ​លើ​ទីផ្សារ​ជាមុន​សិន។ បើ​មើល​ឃើញ​ថា​វា​មាន​ដំណើរ​​ការ​ល្អ​ហើយ​ ចាំ​វិនិយោគ​បន្ត​​ព្រោះ​គ្មាន​នរណា​ចង់​ចំណាយ​ទាំង​ពេល ទាំង​កម្លាំង និង​លុយ​កាក់​ហើយ​ខាត​ឡុង​ចុង​ទៀត​នោះ​ទេ។​


៣. បង្កើត​ទំនាក់ទំនង​ល្អ​​ជាមួយ​អតិថិជន

ការ​រក​ស៊ី​ តម្រូវ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​​អតិថិជន​ មិន​អាច​ខ្វះ​បាន​ទេ។ សូម្បី​តែ​អ្នក​លក់​អនឡាញ​ក៏​ដោយ សេវាកម្ម​និង​ការ​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​អ្នក​ទិញ គឺ​ជា​រឿង​ចាំ​បាច់​ខ្លាំង​ណាស់​។ ក្នុង​នាម​​ជា​អ្នក​លក់​​ល្អ​​មាន​គុណធម៌​​មួយ​រូប​ ត្រូវ​ប្រើ​ពាក្យពិត​សម្តី​សមរម្យ និង​សួរ​នាំ​ពី​គុណ​ភាព​បន្ទាប់​ពី​អតិថិជន​ប្រើ​ហើយ។ កាលណា​មាន​​ទំនាក់​ទំនង​ល្អ​ហើយ​​​ទំនិញ​​​​ក៏​មាន​ប្រសិទ្ធភាព អ្នក​ទិញ​គ្មាន​ថ្ងៃ​ប្រែប្រួល​ចិត្ត​ឡើយ។​


៤. កែ​លម្អ​បញ្ហា​ដែល​ធ្លាប់​កើត​មាន


នៅ​ពេល​អ្នក​រក​ស៊ី អស់​រយៈ​ពេល​រាប់​សប្តាហ៍ រាប់​ខែ ឬ​រហូត​ដល់​រាប់​ឆ្នាំ អ្នក​ច្បាស់​ជា​រក​ឃើញ​ថា​មាន​បញ្ហា​អ្វី​ខ្លះ​​បាន​កើត​ឡើង និង​ត្រូវ​ការ​កែ​លម្អ។

ទោះ​បី​​​ជា​បញ្ហា​ទាំង​នោះ​មិន​អាច​ប៉ះ​ពាល់​​ទាំង​ស្រុង​ដល់​ការ​រក​ស៊ី​របស់​អ្នក​ក៏​ដោយ ប៉ុន្តែ​មុខ​ជំនួញ​ជោគជ័យ តែង​រក​ដំណោះ​ស្រាយ​កែ​លម្អ ឲ្យ​បាន​ទាន់​ពេល​វេលា និង​ល្អ​ប្រសើរ​ ដើម្បី​ផ្គាប់​ចិត្ត​អតិថិជន។


៥. ចេះ​ដឹក​នាំ​បុគ្គលិក

ធាតុ​សំខាន់​មួយ​ទៀត​ ដែល​នាំ​ឲ្យ​មុខ​របរ​​​​ជំនួញ​ផ្សេងៗ​ជោគជ័យ មិន​មែន​ត្រឹម​តែ​​មាន​លុយ​អាច​ជួល​បុគ្គលិក​​មក​ប្រើ​ព្រោងព្រាត​នោះ​ទេ ប៉ុន្តែ​ត្រូវ​ចេះ​​ជួយ​បង្រៀន​ណែនាំ​ពួក​គេ​ឲ្យ​បាន​​ល្អ​​ផង។ ភាគ​ច្រើន​ថៅកែ​គិត​ថា បើ​បង្រៀន​​​ពួក​គេ​ឲ្យ​ចេះ​គ្រប់​សព្វ​​ពេក​ ខ្លាច​ថ្ងៃ​ណា​មួយ ​នឹង​​ក្លាយ​​ជា​​ដៃ​គូ​ប្រកួត​ប្រជែង​របស់​ខ្លួន​ឯង។ យ៉ាង​ណា​មិញ កុំ​ភ្លេច​ថា បុគ្គលិក​គឺ​ជា​ផ្នែក​សំខាន់​មួយ ដែល​​អាច​នាំ​ឲ្យ​ជំនួញ​របស់​អ្នក​ជោគ​ជ័យ​៕​


ប្រភព៖ Sabay News