ធ្វើដូចម្តេចទើបជួយខួរស្តាំកូនឱ្យលូតលាស់ល្អ?

នៅពេលដែលកូនស្ថិតក្នុងដំណាក់កាលទារក កូននឹងលូតលាស់លឿនខ្លាំងណាស់ ប៉ុន្តែបើអ្នកចង់ឱ្យខួរស្តាំកូនលូតលាស់បានលឿន អ្នកអាចអនុវត្ត ឬប្រើវិធីមួយចំនួនក្នុងការជួយជំរុញឱ្យវាលូតលាស់។ តើមានវិធីអ្វីដើម្បីជួយកូនឱ្យលូតលាស់លឿននោះ?

បញ្ជូនព័ត៌មានច្រើន

អ្នកអាចយកគំនូរជាច្រើន ឱ្យទារកមើល ហើយបកស្រាយប្រាប់កូន ដោយមិនត្រូវគិតថាកូនមិនចេះស្តាប់ ហើយមិនចេះមើល នោះមិនបកស្រាយប្រាប់កូនឡើយ ប៉ុន្តែខួរស្តាំនេះមិនត្រូវការចងចាំឡើយ ឱ្យតែអ្នកបញ្ជូនព័ត៌មានច្រើន ហើយដដែរៗ នោះវានឹងជួយខួរស្តាំរបស់កូនឱ្យឆាប់លូតលាស់ហើយ ហើយថែមទាំងមានការចងចាំបានល្អទៀតផង។

អារម្មណ៍នៃការប៉ះ

អ្នកអាចឱ្យកូនប៉ះរបស់គ្រប់បែបយ៉ាងដែលមិនមានគ្រោះថ្នាក់ ឱ្យកូនដឹងពីត្រជាក់ ក្តៅ ធ្ងន់​ ស្រាល ទន់ រឹង និងរបស់ដែលនៅជុំវិញខ្លួន នោះវាក៏អាចជួយខួរក្បាលកូនឱ្យលូតលាស់ល្អដូចគ្នា។

ស្តាប់

អ្នកអាចជួយឱ្យខួរក្បាលខាងស្តាំរបស់កូនលូតលាស់បាន ដោយអាចឱ្យកូនស្តាប់ចម្រៀងផ្សេងៗ ស្តាប់សម្លេងនៃទឹកហូរ សម្លេងនៃចាបច្រៀង និងសម្លេងជាច្រើនទៀត នោះកូននឹងមានខួរក្បាលដែលល្អ។

មើល

អ្នកអាចនាំកូនទៅក្រៅដើម្បីឱ្យគេសង្កេតមើលធម្មជាតិឱ្យបានច្រើន សម្លឹងមើលវត្ថុទាំងអស់ដែលនៅជុំវិញខ្លួនកូន នោះកូនអ្នកនឹងចាប់ផ្តើមអាចប្រើខួរស្តាំបានហើយ។

ក្លិន

ការហិតក្លិនផ្សេងៗក៏អាចធ្វើឱ្យកូនឆាប់លូតលាស់ខួរក្បាលខាងស្តាំដូចគ្នា ដូចនេះអ្នកអាចឱ្យកូនហិតក្លិននៃម្ហូបគ្រប់បែបយ៉ាង និងក្លិននៃធម្មជាតិដូចគ្នា វាជួយកូនខ្លាំងណាស់ក្នុងការលូតលាស់ខួរក្បាល៕