
រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែល ដែលមានរូបរាងស្រស់សោភា និងតែងតែទៅប្រកួតសម្រស់នៅឯក្រៅប្រទេសនោះ អ្នកនាង សូ អេនណា កំពុងតែចំណាយពេលមើលថែកូនស្រីដ៏ស្រស់ស្អាត បន្ទាប់ពីនាងទើបតែរៀបការជាមួយគូស្នេហ៍ជាជនជាតិបរទេសកន្លងមក។
ពេលវេលាពិតជាដើរលឿនមែន ធ្មេចបើកៗ អតីត Miss Global Cambodia ឆ្នាំ២០១៦ អ្នកនាង សូ សម្រាលកូនស្រីបាន១ខែជាងបាត់ និងបានដាក់ឈ្មោះកូនស្រីយ៉ាងពីរោះថា «កតិកា» និងអង់គ្លេសថា « Estelle » មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានមុខមាត់គួរឱ្យខ្នាញ់ និងខ្យូតថែមទៀតផង។

ក្លាយជាអ្នកម្តាយវ័យក្មេងបែបនេះ តារាម៉ូដែល រាងខ្ពស់ស្រឡះរូបបានបានលើកឡើងពីអារម្មណ៍ពិតថា «ពេលវេលាដើរលឿនមែន កូនជាទីស្រលាញ់ ថ្ងៃនេះកូនធ្វើអោយម៉ាក់នឹកឃើញដល់ពេលវេលានៅក្នុងបន្ទប់សំរាល ឈឺពោះរយៈពេល12ម៉ោងតែម្នាក់ឯង វាជាពេលដ៏លំបាកបំផុត កូនធ្វើអោយម៉ាក់ស្គាល់ពីភាពលះបង់ក្នុងនាមជាម្តាយ កូនមិនត្រឹមជាចំណែកមួយក្នុងជីវិតម៉ាក់ តែកូនគឺជាចំណែកមួយនៃបេះដូងម៉ាក់ ម៉ាក់ស្រលាញ់កូនជាទីបំផុត»។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសម្រាលកូនស្រីដ៏ស្រស់សោភា និងជាកូនកាត់ផងដែរនោះ អ្នកនាង សូ អេនណា មិនទាន់បានឈានជើងចូលសិល្បៈវិញនោះទេ នេះក៏ដោយសារតែនាងកំពុងតែព្យាយាមហាត់យករាង ជាតារាម៉ូឌែលរបស់នាងត្រឡប់មកវិញជាមុនសិន៕