តើ​កន្លែង​ណា​ជា​កន្លែង​អង្គុយ​ដែលមាន​សុវត្ថិភាព​ជាង​គេ​នៅ​ក្នុង​ឡាន​?

នៅក្នុង​មន្ទីរពេទ្យ​ផ្នែក​សង្គ្រោះបន្ទាន់ ករណី​របួស​ដោយសារ​ការបើកបរ​បុក​គ្នា​គឺជា​ករណី​ទូទៅ​ដែល​គ្រូពេទ្យ​ជួបប្រទះ​ស្ទើរតែ​រាល់ថ្ងៃ​។ យើង​ប្រើ​ពាក្យ​ការបើកបរ​បុក​គ្នា​ជំនួស​ដោយ​ពាក្យ​គ្រោះថ្នាក់​ចរាចរណ៍​ព្រោះថា​គ្រោះថ្នាក់​ចរាចរណ៍​គឺ​អាច​ជៀសវាង​បាន​។ ការប្រើប្រាស់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ពិតជា​អាច​កាត់បន្ថយ​របួស​ធ្ងន់ធ្ង​របាន​មួយចំនួន ប៉ុន្តែ​តើ​មាន​កន្លែង​អង្គុយ​ណា​ដែល​មាន​សុវត្ថិភាព​ជាង​គេ​?

​ ​ការសិក្សា​មួយ​ចំនួន​បានបញ្ជាក់​ថា​ការ​អង្គុយ​នៅ​កៅអី​ខាងមុខ​មាន​គ្រោះថ្នាក់​ជាង​ការ​អង្គុយ​នៅ​កៅអី​ខាងក្រោយ​។ ការ​អង្គុយ​នៅ​ខាងក្រោយ​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការស្លាប់​បាន​ដល់​ទៅ ២៥ ទៅ ៣៩​ភាគរយ​។ គ្រោះថ្នាក់​នៃ​របួស​ធ្ងន់ធ្ងរ​ក៏​កាត់បន្ថយ​បាន​ប្រហែល ៣០​ភាគរយ​ផងដែរ​សម្រាប់​អ្នក​អង្គុយ​នៅ​ខាងក្រោយ​បើ​ធៀប​នឹង​អ្នក​អង្គុយ​នៅ​កៅអី​ខាងមុខ​។ គ្រោះថ្នាក់​របស់​អ្នក​បើក​ឡាន​ក៏​មាន​ប្រហាក់ប្រហែល​ទៅ​នឹង​អ្នក​អង្គុយ​នៅ​កៅអី​ខាង​មុខ​ដែរ​។​

​ ​ប៉ុន្តែ​មិន​ថា​អ្នក​អង្គុយ​នៅ​ខាងក្រោយ​ឬ​ខាង​មុខ​នោះ​ទេ ទិន្នន័យ​ទាំងនេះ​យក​មក​ពី​ការសិក្សា​ដែល​បាន​ធ្វើ​ឡើង​លើ​អ្នកដំណើរ​ដែល​ប្រើ​ខ្សែក្រវ៉ាត់​សុវត្ថិភាព​តែប៉ុណ្ណោះ​។ ដូច្នេះ អ្នក​ត្រូវ​ប្រើ​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជាប្រចាំ ដើម្បី​ការពារ​និង​ជៀសវាង​ឧប្បត្តិហេតុ​ផ្សេងៗ​។ “​ការពារ​ប្រសើរ​ជាង​ព្យាបាល​”​។