តិចនិចនៅពីក្រោយភាពជោគជ័យរបស់ម្ចាស់ជំនួញស្ត្រី ដែលជាមេរៀនមិនគួររំលង!

សព្វថ្ងៃនេះចំនួនស្ត្រីដែលកាន់កាប់អាជីវម្មដោយខ្លួនឯងបានកើនឡើងជាលំដាប់។ ការផ្លាស់ប្តូរនេះគឺជាជំហ៊ានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់សហគ្រិនស្ត្រីនៅទូទាំងពិភពលោក​ ហើយទាំងនេះធ្វើអោយកើតមាននូវចម្ងល់អំពីសកម្មភាព ឬដំណាក់ការនៃការកកើតនៃវឌ្ឍនភាពមួយនេះថាតើសហគ្រិនស្ត្រីទាំងនេះមានគន្លឹះយ៉ាងណាខ្លះក្នុងការរកប្រាក់ចំណេញអោយក្រុមហ៊ុន ក៏ដូចជាការវ៉ាបន្ទាត់នៃគម្លាតរវាងស្ត្រី និងបុរសដោយរៀបណា។ 

បើចង់ជ្រាបឲ្យកាន់តែច្បាស់ សូមស្វែងយល់ពីគន្លឹះសំខាន់ៗ ដែលម្ចាស់អាជីវកម្មស្ត្រីមួយចំនួនបានអនុវត្ត នឹងទទួលបានភាពជោគជ័យក្នុងវិស័យជំនួញរបស់ពួកគេ។

១.អនុវត្តវិធីសាស្រ្តមួយជំហានម្តងៗ

វាមិនពិបាកទេក្នុងការធ្វើវាអោយអស់ពីលទ្ធភាពនៅពេលដែលអ្នកចង់សម្រេចក្តីស្រមៃរបស់អ្នក។ វាជារឿងសំខាន់ដែលសហគ្រិនគ្រប់រូបចាំបាច់ត្រូវចងចាំថា ដើម្បីអោយអាជីវកម្មទទួលបានជោគជ័យអាជីវកម្មខ្នាតតូចទាមទារអោយមានការអត់ធ្មត់ ការលះបង់ពេលវេលា និងតម្រូវអោយអ្នករំលឹកខ្លួនឯងថាអ្នកត្រូវតែដោះស្រាយបញ្ហានៃគោលដៅជាប្រចាំថ្ងៃដើម្បីឆ្ពោះទៅរកភាពជោគជ័យ។

២.កុំបង្ហាញសម្ថភាពខ្លួនឯងត្រឹមរយៈពេលខ្លី

ស្ត្រីមាននិន្នាការមួយគឺប្រាប់ពីសមត្ថភាពរបស់ខ្លួនឯងដែលគេហៅថា “លក់ខ្លួនឯង” ក្នុងរយៈពេលខ្លីដោយពួកគេសន្មត់ថាការដែលនិយាយប្រកបដោយភាពវិជ្ជមានអំពីសមិទ្ធិផលរបស់ពួកគេ គឺជាការអួតទៅវិញ។ តាមពិតទៅការដែលបង្ហាញពីចំនុចល្អ និងភាពរីកចម្រើន ព្រមទាំងភាពជោគជ័យដែលអ្នកមាននៅក្នុងអាជីវកម្មរបស់អ្នក វាមិនមែនជាការអួតអ្វីនោះទេនៅពេលដែលអ្នកធ្វើវាបានត្រឹមត្រូវដោយនិយាយអ្វីដែលជាការពិត វាអាចនឹងបង្កើនទំនុកចិត្តដល់អ្នករួមទាំងដៃគូអាជីវកម្មផងដែរ។ដូចនេះហើយចូរមានទំនុកចិត្តក្នុងការបង្ហាញពីភាពរឹងមាំ និងភាពជោគជ័យរបស់អ្នកដោយមិនលាក់ពីវា។

៣.រៀនទទួលយកការបដិសេធ

មនុស្សមួយចំនួនអាចនឹងធ្វើអោយអ្នកមានអារម្មណ៍ថាខ្លួនឯងតូចទាបនៅពេលអ្នកចាប់ផ្តើមធ្វើការងារដែលជាក្តីសុបិន្តរបស់អ្នក ដូចជាការបង្កើតអាជីវកម្មផ្ទាល់ខ្លួនជាដើម។ ជាពិសេសនៅក្នុង​បរិយាកាស​អាជីវកម្ម​ដែលពោរពេញទៅ​ដោយបុរស ប៉ុន្តែក្នុងសភាពនេះអ្នកត្រូវតែរក្សាជំហររឹងមាំនិងមានទំនុកចិត្តលើខ្លួនឯង ធ្វើយ៉ាងណាកុំអោយវាបង្កើតបានជាការសង្ស័យអោយសោះ។ មួយវិញទៀតនៅពេលដែលការប៉ុនប៉ងដំបូងរបស់អ្នកត្រូវបានបដិសេធ សូមកុំអោយវាក្លាយជាសម្ពាធ ឬការបំបាក់ទឹកចិត្តអ្នកអោយសោះ ផ្ទុយទៅវិញអ្នកគួរតែព្យាយាមស្វែងរកមូលហេតុនៃការបដិសេធនេះនិងធ្វើការកែប្រែហើយដាក់ស្នើផែនការរបស់អ្នកជាថ្មីម្តងទៀត។

៤.អនុវត្តវិធីសាស្រ្ត Give back to get back

នៅពេលដែលអ្នកមានវត្តមានកាន់តែខ្លាំងនៅក្នុងវិស័យពាណិជ្ជកម្ម អ្នកនឹងមានទំនាក់ទំនងជាមួយមនុស្សកាន់តែច្រើន។ ពីសហគ្រិនដែលទើបតែចាប់ផ្តើមដើម្បីក្លាយខ្លួនជាបុគ្គលជោគជ័យ អ្នកគួរតែទទួលយកដំបូន្មានដែលត្រឹមត្រូវពីបុគ្គលដែលនៅជុំវិញខ្លួនអ្នក។  ទន្ទឹមនឹងនេះដែលសូមកុំភ្លេចផ្តល់និងជួយដល់អ្នកដែលកំពុងស្វែងរកជំនួយ ព្រោះថានៅពេលដែលអ្នកអាចជួយដោះស្រាយគេបានកំរិតណា វាមានន័យថាអ្នកក៏អាចរៀនពីបញ្ហាទាំងនោះបានកំរឹតនោះផងដែរ។

៥.រៀនពីសមាជិកក្រុមរបស់អ្នក

អ្នកមិនចាំបាច់មានអារម្មណ៍ថាអ្នកត្រូវតែជាមនុស្សដែលឆ្លាតបំផុតនៅក្នុងក្រុមទេ។ ការបង្កើតក្រុមដ៏ល្អមួយទាមទារអោយអ្នកជួលមនុស្សដែលអាចដឹងច្រើន ឬមានសមត្ថភាពខ្លាំងនៅក្នុងប្រធានបទជាក់លាក់មួយជាងរូបអ្នក។ ដូចនេះហើយរឿងដែលអ្នកគម្បីធ្វើគឺស្វែងរកបុគ្គលដែលមានជំនាញនិងបទពិសោធន៍ចម្រុះ ហើយត្រូវបើកចិត្តអោយទូលាយរៀនពីគេ។

៦.បង្កើតវប្បធម៌ក្នុងការស្វែងរកដំណោះស្រាយ

រាល់គ្រប់ការកាន់កាប់អាជីវកម្មផ្ទាល់ខ្លួន តែងតែជួបប្រទះនូវការលំបាកនានាដែលបង្កអោយមានជាបញ្ហាប្រឈមជាច្រើន ប៉ុន្តែអ្នកត្រូវគិតថាគ្រប់បញ្ហាទាំងអស់គឺជាឱកាសសម្រាប់បង្កើតដំណោះស្រាយ។ ហើយគ្រប់ដំណោះស្រាយ និងបញ្ហាគឺជាបទពិសោធន៏ ជាស្ពានសម្រាប់ឆ្លងទៅរកគោលដៅដែលអ្នកចង់បាន។

៧.រក្សាគោលដៅរបស់អ្នកនៅក្នុងចិត្តជានិច្ច

វាជារឿងសំខាន់មួយក្នុងការរក្សាគោលដៅរបស់អ្នកអោយមានវត្តមានជានិច្ច អ្នកអាចធ្វើវាដោយការកត់ត្រាទុកជាការរំលឹក។ ច្បាស់ណាស់វាមានភាពងាយស្រួលក្នុងការបាត់បង់ ឬទទួលការរំខាននានាពីបរិយាកាសជុំវិញខ្លួន ដូចនេះហើយនៅពេលដែលឧបសគ្គកើតឡើងអ្នកនឹងមានកម្លាំងចិត្តតទល់នៅពេលដែលអ្នកគិតដល់ក្តីស្រមៃដែលជាគោលដៅរបស់អ្នក ហើយការធ្វើបែបនេះទៀតសោតអ្នកនឹងមិនបាត់បង់នូវអ្វីដែលអ្នកកំពុងព្យាយាមធ្វើវានោះឡើយ៕

ប្រភព ៖ APAMAT