
ខេត្តកំពង់ចាម ៖ ប្រាសាទនគរបាជ័យត្រូវបានសាងសង់ឡើងដោយបុព្វបុរសខ្មែរជំនាន់ដើម ។ ដោយធ្លាប់បានទាក់ទាញមនុស្សមកកម្សាន្តលេងជារៀងរាល់ថ្ងៃ ក្នុងនោះមានទាំងភ្ញៀវជាតិ និងអន្តរជាតិ ប៉ុន្តែចាប់តាំងពីក្រោយជំងឺកូវីដ-១៩ បានផ្ទុះឡើងគេសង្កេតឃើញថា ភ្ញៀវជាតិនៅមានមកលេងខ្លះៗចំណែកភ្ញៀវអន្តរជាតិវិញ សូម្បីតែម្នាក់គ្មាន ។
អ៊ំ ប្រុសឈ្មោះ ហ៊ឹម ណក់ អាយុ៦២ឆ្នាំ មានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ មេសា ២០២០ថា នៅតាស្រមតាព្រហ្ម ចូលពីច្រកក្លោងទ្វារសាងសង់ពីថ្មបាយក្រៀមបន្តិច ក្នុងបរិវេណប្រាសាទនគរបាជ័យ មុនពេលជំងឺខាងលើបានផ្ទុះឡើងជារៀងរាល់ថ្ងៃ គឺមានប្រជាពលរដ្ឋប្រុសស្រីមកពីគ្រប់ទិសទីក្នុងនោះរួមមានមេមត់ រាជធានីភ្នំពេញ សៀមរាប ព្រមទាំងបណ្ដាខេត្តមួយចំនួនទៀតនៅឆ្ងាយៗ បាននាំគ្នាមកបែរបន់ ឬក៏លាបំណន់ នៅតាព្រហ្ម ក្នុង១ថ្ងៃមានក្នុងចន្លោះពី៦០ទៅ ៧០នាក់ ព្រោះគេជាថាទីនេះជាកន្លែងស័កសិទ្ធ ។

គាត់មានប្រសាសន៍បន្តថា ចាប់តាំងតាំងពីពេលដែលមានការភ្ញាក់ផ្អើលជំងឺកូវីដ-១៩ បានផ្ទុះឡើងធ្វើឱ្យមនុស្សដែលធ្លាប់មកបែរបន់មានការធ្លាក់ចុះប្រមាណជា៦០% ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ មេសា ២០២០ លោកឧត្តមសេនីយ៍ត្រី១រូប និងប្រពន្ធបាននាំគ្នាជិះរថយន្តស៊េរីទំនើបមួយគ្រឿងដោយមានជ្រូកខ្វៃមួយក្បាលមកថ្វាយលោកតា ក្រោយពីបានបែរបន់សម្រេចពេលដែលប្រពន្ធរបស់គាត់បានជួបនឹងគ្រោះថ្នាក់ដួលសន្លប់ បណ្ដាលឱ្យប្រេះស្រាំលលាក្បាលក្រោយមកជំងឺប្រពន្ធរបស់គាត់បានជាសះស្បើយ ក្រោយពីក្រុមគ្រូពេទ្យបានសង្គ្រោះ ។ លុះពេលជាក៏បានយកជ្រូកខ្វៃមកថ្វាយលោកតា ដើម្បីលាបំណន់ ។
ស្ត្រីឈ្មោះ សេង ភាច អាយុ៣៨ឆ្នាំ លក់ទឹកអំពៅ និងភេសជ្ជៈនៅក្នុងបរិវេណប្រាសាទនគរបាជ័យបានរៀបរាប់ឲ្យដឹងថា គាត់បានលក់ដូរនៅទីនេះជាច្រើនឆ្នាំមកហើយ ដោយក្នុងមួយថ្ងៃអាចលក់បានពី៥ទៅ៦ម៉ឺនរៀល លុះពេលដែលមានការភ្ញាក់ផ្អើលផ្ទុះជំងឺកូវីដ-១៩ បានធ្វើឱ្យប្រាក់ចំណូលរបស់គាត់មានការធ្លាក់ចុះដោយក្នុងមួយថ្ងៃលក់បានតែ១ទៅ២ម៉ឺនរៀល ។

ចំណែកប្ដីរបស់គាត់មានមុខរបររត់តុកតុក តែមិនមានមនុស្សជិះដោយសារតែគេព្រួយបារម្ភខ្លាចឆ្លងជំងឺ ហើយប្រាក់ចំណូលដែលរកបានរាល់ថ្ងៃនេះដោះស្រាយជីវភាពទាំងលំបាក ។ ហើយសម្រាប់គ្រួសាររបស់គាត់ក៏បានប្រកាន់ភ្ជាប់នៅអនាម័យដោយសមាជិកក្នុងគ្រួសារឧស្សាហ៍លាងដៃនឹងសាប៊ូ និងពាក់ម៉ាស់ជាដើមបង្ការកុំឲ្យឆ្លងជំងឺ ។
មន្ត្រីនគរបាលការិយាល័យទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តដែលប្រចាំការនៅក្នុងបរិវេណប្រាសាទនគរបាជ័យបានរៀបរាប់ឲ្យដឹងថា មុននឹងជំងឺខាងលើបានផ្ទុះឡើងនៅប្រាសាទបុរាណដែលមានវ័យចំណាស់មួយនេះបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យមកកម្សាន្តលេងជារៀងរាល់ថ្ងៃពិសេសនៅថ្ងៃចុងសប្តាហ៍ គឺមានមនុស្សមកលេងកាន់តែច្រើន ។ ហើយកូនកម្លោះ កូនក្រមុំមកពីបណ្ដាស្រុកនានាក៏បាននាំគ្នាមកតុបតែង ដើម្បីថតយករូបភាពប្រាសាទបុរាណនេះជាញឹក ញាប់ស្ទើររាល់ថ្ងៃ ។
តែចាប់តាំង ពីជំងឺនេះបានផ្ទុះឡើងភ្ញៀវជាតិមានការធ្លាក់ចុះខ្លាំងចំណែកភ្ញៀវបរទេសសូម្បីតែម្នាក់ក៏មិនមានដែរ ។ ដោយមានការណែនាំពីលោកស្នងការនគរបាលខេត្តកម្លាំងសមត្ថកិច្ចត្រូវបានដាក់យាមប្រចាំការជារៀងរាល់ថ្ងៃដើម្បីទប់ស្កាត់បទល្មើសនានា ដើម្បីកុំឲ្យកើតឡើងជាយថាហេតុ ។ ព្រោះកាលពីប៉ុន្មានឆ្នាំមុនដោយសារតែមិនមានកម្លាំងនគរបាលនៅយាមប្រចាំការពង្រឹងសន្តិសុខដែលជាឱកាសហុចឲ្យក្រុមជនខិល ខូចធ្លាប់បានវាយអ្នកទេសចរណ៍អន្តរជាតិយកលុយ ៕