
កីឡាករវាយកូនហ្គោល Tiger Woods កំពុងធ្វើការវះកាត់ បន្ទាប់ពីរងរបួសជើងទាំងសងខាងក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។

នាយកដ្ឋានប៉ូលិសទីក្រុង Los Angeles បាននិយាយថា ពួកគេបានទទួលការហៅទូរស័ព្ទពីអ្នកនៅតំបន់នោះ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើរថយន្តមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ម្ចាស់ជើងឯកវាយកូនហ្គោល ១៥ សម័យកាល វ័យ ៤៥ ឆ្នាំរូបនេះត្រូវបានជួយសង្គ្រោះដោយក្រុមពន្លត់អគ្គិភ័យ និងក្រុមគ្រូពេទ្យ។

លោក Alex Villanueva ប៉ូលិសទីក្រុង Los Angeles បាននិយាយថា លោក Woods នៅមានជីវិត និងដឹងខ្លួនពេលជួយសង្គ្រោះចេញពីកន្លែងកើតហេតុនោះ។

លោកបន្តថា ក្រោយមកម្ចាស់ជើងឯកខាងលើត្រូវបានរថយន្តសង្គ្រោះដឹកទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Harbor-UCLA ដើម្បីធ្វើការព្យាបាល៕