ខ្លាំង​បាត់​ជនបរទេស​! ផ្ទុះអាវុធ​តដៃ​នឹង​សមត្ថកិច្ច រំដោះ​បក្សពួក​ផ្អើល​កោះ​ពេជ្រ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​ខណ្ឌ​ជ្រោយចង្វា លុះ​សួរនាំ​រួច ក៏​ឈាន​ដល់​ទៅ​បង្ក្រាប​បក្សពួក​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​ទៀត​ក្នុង​ខុន​ដូ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ហើយ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ក៏​ស្រាប់តែ​ត្រូវ​បុរស​ជា​ជនបរទេស​ម្នាក់​ទៀត​បាញ់​រះ​ទៅ​លើ​សមត្ថកិច្ច​ក្នុង​បំណង​ចង់​រំដោះ​បក្ស​ខ្លួន​ចំនួន​៥​គ្រាប់ ក្រោយមក​សមត្ថ​កិច្ច​​ក៏​បាញ់​ការពារ​ខ្លួន​វិញ​ចំនួន​៣​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​កោះ​ពេជ្រ​តែ​ម្តង នៅ​ចំណុច​ខុន​ដូ​យីហោ «​ដាយ​មិន វ័ន​» ជាន់​ទី​៧ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាល​ពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើ​មាន​ចំនួន​២​នាក់ គឺជា​ជនជាតិ​បរទេស ក្នុង​នោះ​មាន​បុរស​ម្នាក់​ជា​ជនជាតិ​ចិន និង​ស្ត្រី​ម្នាក់​ជា​ជនជាតិ​ថៃ ព្រមទាំង​វត្ថុ​តាំង​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង ។ ចំណែក​ជនសង្ស័យ​ដែល​ជា​ជនជាតិ​បរទេស​បាន​បាញ់​រះ​ទៅ​លើ​សមត្ថកិច្ច​នោះ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) នៃ​អគ្គស្នងការ​នគរ
បាល​​ជាតិ​បាន​បើក​ប្រតិបត្តិការ​ធ្វើការ​ស្រាវជ្រាវ រួច​កំណត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់ ។ ដោយ​ជំ​ហ៊ាន​ដំបូង គឺ​កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​ខណ្ឌ​ជ្រោយចង្វា ព្រមទាំង​ដកហូត​វត្ថុ​តាំង​មួយ​ចំនួន បន្ទាប់​ពី​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​រួច កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ធ្វើការ​សាកសួរ រហូត​ឈាន​មក​ឃាត់ខ្លួន​បក្សពួក​គេ​នៅ​ក្នុង​កោះ​ពេជ្រ ចំណុច​ខុន​ដូ​យីហោ «​ដាយ​មិន វ័ន​» ជាន់​ទី​៧​។

សមត្ថកិច្ច​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ចំណុច​ខុន​ដូ​ខាងលើ សមត្ថកិច្ច​ក៏​សំរុកចូល​ទៅ​ក្នុង​បន្ទប់​របស់​ជនសង្ស័យ​រួច​ឃាត់ខ្លួន​ស្ត្រី​ជា​ជនជាតិ​ថៃ​ម្នាក់ ប៉ុន្តែ​ពេល​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ក៏​ស្រាប់តែ​មាន​បក្សពួក​ជនសង្ស័យ​ម្នាក់​ទៀត ជា​បុរស​ជនជាតិ​បរទេស ដែល​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា ក៏​បាន​ទាញ​កាំភ្លើង​បាញ់​សំដៅ​ទៅ​លើ​កងកម្លាំង​សមត្ថកិច្ច ជា​ច្រើន​គ្រាប់ ក្រោយមក​សមត្ថ​កិច្ច​ក៏​បាន​បាញ់​តដៃ​វិញ​ផង​ដែរ ដើម្បី​ការពារ​ខ្លួន និង​រំដោះខ្លួន ព្រមទាំង​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​រូប​នេះ​នាំ​យក​ចុះ​មក​ក្រោម រួច​ញាត់​ចូល​ក្នុង​រថយន្ត​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​បាញ់​តដៃ និង​ឃាត់ខ្លួន​ស្ត្រីជន​សង្ស័យ​ជា​ជនជាតិ​ថៃ​ម្នាក់​ហើយ ក៏​ស្រាប់តែ​បក្សពួក​ជនសង្ស័យ​ជា​ជនបរទេស​រូប​នោះ​បាន​ទាញ​កាំភ្លើង​វែង​ស្រ​ដៀង AK47 ចេញ​មក​ក្រៅ​បំរុង​នឹង​រំដោះ​បក្សពួក​គេ​ថែម​ទៀត ទើប​សមត្ថកិច្ច​សុំ​ជំនួយ​ពី​ថ្នាក់លើ ។ ដោយ​មានការ​ចុះ និង​បញ្ជា​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​, លោកស្នងការ​រង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​កម្លាំង​សមត្ថកិច្ច​ចំរុះ រួម​ទាំង​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​​អន្តរាគមន៍​ពិសេស​នៃ​ស្នងការ​រាជធានី បាន​ចុះ​ទៅ​ដល់​កន្លែង​កន្លែង​កើតហេតុ ដើម្បី​បញ្ជា និង​ធ្វើការ​តាម​ជំនាញ ព្រមទាំង​បានការ​ពារ​នាំ​ខ្លួន​ជនសង្ស័យ​ទាំងប្រុស ទាំង​ស្ត្រី យក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​សាកសួរ​ទៅ​តាម​នីតិវិធី​ផង​ដែរ ។ ដោយ​ឡែក​ជនសង្ស័យ​ជា​ជនជាតិ​បរទេស​ដែល​ជា​អ្នក​បាញ់​រះ​ទៅ​លើ​សមត្ថកិច្ច​នោះ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​ថា ករណី​នេះ គឺជា​ករណី​បង្ក្រាប​គ្រឿងញៀន ហើយ​ជនសង្ស័យ​ជា​អ្នក​បាញ់​រះ​មក​លើ កម្លាំង​សមត្ថ​កិច្ច​មុន​ចំនួន​៥​គ្រាប់ ទើប​សមត្ថកិច្ច​បាញ់​ការពារ​ខ្លួន​វិញ​ចំនួន​៣​គ្រាប់ តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រង​របួស​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នោះ​ទេ ។

ទោះជា​យ៉ាងណា ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​បាត់​នោះ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​ដែរ ៕