ក្រោយ​រំខាន​ដោយ​ខូវីដ ឥឡូវ​មហោស្រព​ភាពយន្ត​ជប៉ុន ត្រឡប់​មក​វិញ​ហើយ!

ក្រោយ​បើក​ដំណើរ​ការ​បាន​ចំនួន​១​ថ្ងៃ មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ ២០២០ នៅ​កម្ពុជា ក៏​ត្រូវ​ផ្អាក​ទៅ​វិញ ដោយសារ​​រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ផ្អាក​ដំណើរ​រោងកុន និង​កន្លែង​ជួប​ជុំ​នានា​ទប់​ស្កាត់​រលក​ទី​២ ខូវីដ ១៩​នោះ ឥឡូវ​មហោស្រព​ដែល​ប្រមូល​ផ្ដុំ​ភាពយន្ត​ជប៉ុន​ល្អ​ៗ​មើល​ជា​ច្រើន​នោះ បាន​ត្រឡប់​មក​វិញ​ហើយ​។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​ជា​ថ្មី​របស់​ទំព័រ​ហ្វេសប៊ុក Japan Film Festival នៅ​ថ្ងៃ​នេះ។

មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ ២០២០ បាន​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី ៦ វិច្ឆិកា ២០២០។ ប៉ុន្តែ​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក៏​បាន​ផ្អាក​ភ្លាម ក្រោយ​រោងភាពយន្ត​ត្រូវ​តម្រូវ​ឲ្យ​បិទ​បណ្ដោះ​អាសន្ន​ទប់​ទល់​ការ​មក​ដល់​នៃ​រលក​ទី​២​ខូវីដ ១៩ ក្រោយ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា។

នៅ​ថ្ងៃ​នេះ Japan Film Festival បាន​ជូន​ដំណឹង​ជា​ថ្មី​ថា សម្រាប់​ប្រិយមិត្ត​ដែល​មិន​ទាន់​បាន​ទស្សនា​ខ្សែ​ភាពយន្ត​ជប៉ុន​ល្បី​ដែល​មាន​ក្នុង​មហោស្រព​នោះ កុំ​ទាន់​អស់​សង្ឃឹម។ “មហោស្រពភាពយន្តជប៉ុន-កម្ពុជា នឹងត្រលប់មកវិញសារជាថ្មី ជាមួយ មហោស្រពភាពយន្តជប៉ុន-អនឡាញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ទី ១៣ ខែធ្នូ ឆ្នាំ២០២០”។ នេះ​ជា​ការ​ជូន​ដំណឹង​ជា​ថ្មី​របស់​ទំព័រ​ហ្វេសប៊ុក Japan Film Festival។

ឈុត​ក្នុង​រឿង “Talking the Picture”
ដូច្នេះ​ហើយ សម្រាប់​ប្រិយមិត្ត​ដែល​មិន​ទាន់​ទស្សនា ហើយ​ចង់​ទស្សនា​ភាពយន្ត​ល្បី​ៗ​ជប៉ុន សូម​ចូល​ទស្សនា​តាម​រយៈ​តំណរ​នេះ រួច​ហើយ ធ្វើ​តាម​ការ​ចុះ​ឈ្មោះ​តាម​ការ​ណែនាំ ជា​ការ​សម្រេច។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត ប្រិយមិត្ត​សូម​តាម​ដាន​ទំព័រហ្វេសប៊ុក​ខាង​លើ៕