
ប្រិយមិត្តអ្នកតាមដានព័ត៌មានសិល្បៈច្បាស់ជាបានទទួលជ្រាបរួចមកហើយថា លោកយាយបង្កើតរបស់តារាចម្រៀងណុប បាយ៉ារិទ្ធ និងលោកនីកូ បានទទួលមរណភាព កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០និង១០នាទីព្រឹក ក្នុងជន្មាយុ៩៧ ដោយជាជរាពាធ។

ក្រោយពីលោកយាយខ្លួនទទួលមរណភាពតារាចម្រៀងណុប បាយ៉ារិទ្ធ ក៏សម្រេចចិត្តបួសមុខភ្លើងសងគុណលោកយាយ ហើយនៅព្រឹកនេះ ក៏បានបង្ហោះសារថា «អាត្មាសូមថ្លែងអំណរគុណដល់ញោមបង ញោមប្អូនទាំងអស់ ដែលបានចូលរួមរំលែកទុក្ខដល់វិញ្ញាណក្ខន្ធ ១លោកយាយរបស់អាត្មា សូមអោយបងប្អូនសុខសប្បាយគ្រប់ៗគ្នាជួបតែសេចក្តីសុខ និងសូមការអធ្យាស្រ័យទុកជាមុនដោយមិនបានឆ្លើយតបជាមួយបងប្អូនគ្រប់គ្នាដោយសារអាត្មាមានធុរៈត្រូវបំពេញក្នុងកិច្ចការជូនដំណើរជីដូនជាលើកចុងក្រោយ»។

ក្រឡេកមកមើលតារាចម្រៀងនីកូ ជាប្អូនបង្កើតរបស់លោកណុប បាយ៉ារិទ្ធ វិញ ក៏មានទុក្ខជាទម្ងន់ បង្ហូរទឹកភ្នែក ជាមួយនឹងការទម្លាយអាថ៌កំបាំងមួយ ដែលគ្រប់គ្នាមិនធ្លាប់ដឹង នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួនថា «វេលាដែលភ័យខ្លាចពេញមួយជីវិត ទីបំផុតបានមកដល់ ខ្ញុំតែងជឿលើការបន់ស្រន់រាល់រាត្រីដោះដូរនឹងជីវិតរបស់ខ្ញុំពាក់កណ្តាល ជឿលើអភិនីហារដែលតែងថែរក្សាលោកយាយ រហូតដល់ 97 វស្សា តែមនុស្សលោកមិនអាចប្រឆាំងព្រេងវាសនាបានរហូតទេ ស្លឹកឈើដែលទុំបានជ្រុះក្នុងរយៈពេលមួយពព្រិចភ្នែក សូមបុណ្យកុសលក្រុមគ្រួសារទាំងអស់ជូនដំណើរលោកយាយទៅកាន់សុគតិភព»៕