
រាជធានីភ្នំពេញ ៖ ក្នុងពេលដែលវិស័យសំខាន់ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិកន្លងមក ដូចជាការសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែអាវុធ (EBA) ប្រមាណ ២០ភាគរយ និងផលប៉ះពាល់ទៅលើវិស័យទេសចរណ៍ ដោយសារតែការរីករាលនៃវីរុសកូរ៉ូណា ថ្នាក់ដឹកនាំកម្ពុជាបានទំលាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចមកត្រឹម៦ភាគរយ ឬលើស ៦ ភាគរយតិចតួច ក្នុងឆ្នាំ ២០២០នេះ ។
យោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងកាលៈទេសៈនេះមិនមែនតែកម្ពុជាទេ ដែលរងផលប៉ះពាល់ដោយសារតែវីរុស Covid 19 ជាក់ស្ដែងតាមព័ត៌មានប្រទេសមួយចំនួនបានត្រៀមខ្លួនក្នុងការទប់កំណើនសេដ្ឋកិច្ច ក្នុងនោះកម្ពុជាក៏បានដាក់យុទ្ធសាស្ត្រមួយចំនួនដើម្បីទប់ទល់ផលប៉ះពាល់ដែលបង្កឡើងដោយវីរុសកូរ៉ូណានេះដែរ ។ សម្ដេចបានមានប្រសាសន៍បន្តថាឆ្នាំនេះ សេដ្ឋកិច្ចពិភពលោកនិងថ្នាក់តំបន់មិនខ្ពស់ប៉ុន្មានទេ ។ ក្នុងពេលដែលកូរ៉ូណាថ្មីមិនទាន់លេចឡើង ឃើញថាសេដ្ឋកិច្ចពិភពលោកថមថយហើយ រាប់ទាំងកម្ពុជា ដែលក្នុងនោះឆ្នាំ ២០១៩កន្លងទៅសម្រេចបាន៧,១ភាគរយ ក៏ប៉ុន្តែសម្រាប់ច្បាប់ឆ្នាំ ២០២០នេះ យើងដាក់ត្រឹមតែគោលដៅ៦,៥ភាគរយ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា « រហូតដល់ពេលកូរ៉ូណាបានចាប់ផ្ដើមលេចឡើង យើងរំពឹងគិតថាកំណើនត្រឹម៦,៥ភាគរយ ប្រហែលទៅមិនរួចទេ តែយើងអាចនិយាយថាជុំវិញ ៦ភាគរយ ។ ក្នុងន័យនេះ មានន័យថា វាអាចសម្រេចបានលើ៦ភាគរយបន្តិច ឬក្រោម៦ភាគរយបន្តិច ព្រោះវាជាដំណាក់កាលដែលយើងបានឆ្លងកាត់ » ។ សម្ដេចមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះ កម្ពុជា បាននិងកំពុងប៉ះពាល់ទង្គិចជាមួយនឹងវិស័យទេសចរណ៍ នឹងធ្វើអោយបាត់បង់នូវប្រាក់ចំណូលដែលបានមកពីវិស័យទេសចរណ៍នេះ ជាក់ស្ដែងក្នុងឆ្នាំនេះ និងពេលនេះ ដែលជារដូវទេសចរណ៍ខ្ពស់ តែបែរជាអត់សូវមានទេសចរមកលេងនៅកម្ពុជាធ្វើអោយទេសចរធ្លាក់ចុះ ។ ក្រៅពីវិស័យទេសចរណ៍នេះដែរ វីរុសកូរ៉ូណា ក៏បានធ្វើអោយប៉ះទង្គិចទៅលើចង្វាក់ផលិតកម្មមួយចំនួន ដែលយកវត្ថុធាតុដើមពីប្រទេសចិន ។ បញ្ហានេះមិនមែនរងផលប៉ះពាល់តែកម្ពុជាប៉ុណ្ណោះទេ តែក៏មានប្រទេសមួយចំនួនរួមទាំងប្រទេសដែលព្យាយាមទប់ស្កាត់ការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ចិនដែរ ។
ធនាគារពិភពលោកប្រចាំកម្ពុជា កន្លងមកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងរងផលប៉ះពាល់បើសិនជាសេដ្ឋកិច្ចចិនមានការធ្លាក់ចុះ ដោយសារតែកម្ពុជានៅទទួលរងឥទ្ធិពលពីចិនច្រើន ទាំងភ្ញៀវទេសចរ និង ការវិនិយោគផ្ទាល់ ជាក់ស្ដែងភ្ញៀវទេសចរចិនបានឈរលំដាប់កំពូល ហើយទុនវិនិយោគផ្ទាល់ពីបរទេសក៏ចិនឈរលំដាប់កំពូលដែរ ។ ភាពមិនច្បាស់លាស់នៃ ការដកប្រព័ន្ធអនុគ្រោះពន្ធ ពីសហភាពអឺរ៉ុប ក៏អាចធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ ។
លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍កន្លងមកថា ក្នុងពេលដែលភ្ញៀវចិននៅកម្ពុជា មានច្រើនជាងគេ ហើយចិនមានបញ្ហាលើករណី វីរុសកូរ៉ូណា វាពិតជាប៉ះពាល់ធ្ងន់ធ្ងរទៅលើវិស័យសេដ្ឋកិច្ច ដោយសារតែវិស័យទេសចរណ៍ បានរួមចំណែកធំដល់កំនើនសេដ្ឋកិច្ច ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាបានបង្ហាញថាឆ្នាំ ២០១៩កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន៦,៦១លាននាក់កើនឡើង៦,៦ភាគរយធៀបនឹងឆ្នាំ ២០១៨ ។ ក្នុងវិស័យនេះដែរ បានមុខរបរនិងការងារទេសចរណ៍ដល់ពលរដ្ឋប្រមាណ៦៣ម៉ឺននាក់ និងរកចំណូលបានប្រមាណជិត៥ពាន់លានចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ។
លោក វិចិត្រ មានវ័យប្រមាណជាង ៤០ ឆ្នាំដែលជាមគ្គុទ្ទេសក៍ទេសចរណ៍មួយរូបនៅខេត្តសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសបរទេសមកទស្សនាកំសាន្តតំបន់ទេសចរណ៍មួយនេះបានធ្លាក់ចុះយ៉ាងគំហុក ប៉ះពាល់ដល់ចំណូលនិងជីវភាពរបស់អ្នកជំនួញតូចធំ ទូទាំងខេត្តសៀមរាប ជាក់ស្តែងនៅរដូវកាលនេះធ្លាប់តែមានភ្ញៀវទេសចរបរទេសមកទស្សនាអង្គរវត្តយ៉ាងហោចណាស់ ១៥០ ទៅ ២០០ នាក់ក្នុងមួយថ្ងៃ បែរធ្លាក់មកត្រឹមតែ ៤០ ទៅ ៥០ នាក់ក្នុងមួយថ្ងៃចាប់តាំងពីដើមខែមករាមកម្លេះ ហើយចូលដល់ខែកុម្ភះនេះទៀតសោត គឺរឹតតែស្ងាត់ឡើងៗ ។លោកបានបន្តថា «ការធ្លាក់ចុះភ្ញៀវបរទេសបែបនេះ គឺប៉ះគ្រប់វិស័យទាំងអ្នករត់តាកស៊ី ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីដ្ឋាន មិនថាតែរូបខ្ញុំនោះទេ» ។
ជុំវិញបញ្ហានៃការរងគ្រោះជាអវិជ្ជមានលើវិស័យទេសចរណ៍ ដែលជាប្រភពចំណូលសំខាន់របស់ជាតិនោះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានឆ្លើយតបនឹងសភាពការណ៍នៃការវិវត្តចុងក្រោយនេះ ដែលក្នុងនោះប្រឈមទាំងការថមថយនៃចំនួនទេសចរអន្តរជាតិមកកាន់សៀមរាប ក៏ដូចជាការប្រឈមនឹង ការថយចុះនៃចំនួនទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជា ដោយបានដាក់ចេញនូវវិធានការគាំទ្រវិស័យទេសចរណ៍ ដែលគាំទ្រ និងប្តេជ្ញាសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអនុវត្តវិធានការទាំង ៧ចំណុច មានដូចជា ទី១ ៖ លើកលែង (រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ អាករ និងប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។

ទី២ ៖ មិនធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ចំពោះសហគ្រាសក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប។ ទី៣ ៖ ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ ២០២០ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុកឲ្យទៅជាចលនាជាតិធំទូលាយ តាមរយៈការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល ឲ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប។
ក្នុងនោះវិធានការណ៍ទី៤ គឺ បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសជាមួយប្រទេសជិតខាង (ដូចជា បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេសតាមរយៈរថយន្តក្រុង ឬរថយន្តផ្ទាល់ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធដទៃទៀត។ ក៏ដូចជាវិធានការណ៍មួយទៀតគឺ «រក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឲ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់ ១ថ្ងៃ អាចចូលមើលបាន ២ថ្ងៃ សំបុត្រសម្រាប់ ៣ថ្ងៃ អាចចូលមើលបាន ៥ថ្ងៃ និងសំបុត្រសម្រាប់ ៧ថ្ងៃ អាចចូលមើលបាន ១០ថ្ងៃ ដើម្បីទាក់ទាញទេសចរឲ្យស្នាក់នៅបន្ថែមនៅកម្ពុជា» ជាដើម ៕