
បើមើលទៅលើស្ថានភាពបច្ចុប្បន្ន កម្មវិធីប្រកួតបាល់ទះកម្រិតអាស៊ាន ដែលគ្រោងធ្វើឡើងនៅប្រទេសថៃនាខែមេសា ឆ្នាំ២០២១ ខាងមុខនេះកំពុងស្ថិតក្នុងភាពស្រពេចស្រពិល។
បើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទះកម្ពុជាបានឲ្យដឹងថា ការប្រកួតព្រឹត្តិការណ៍ អាស៊ាន ដែលកម្ពុជា ត្រៀមបញ្ជូនជម្រើសជាតិបាល់ទះឲ្យទៅចូលរួមដែរនោះ កំពុងស្ថិតក្នុងភាពស្រពេចស្រពិល។ ទាំងអស់នេះគឺដោយសារកូវីដ១៩។ យ៉ាងណាជម្រើសជាតិបាល់ទះកម្ពុជាបានត្រៀមខ្លួនយ៉ាងល្អកន្លងមក ក្នុងការចូលរួមព្រឹត្តិការណ៍នេះ ដើម្បីស្ទាបស្ទង់សមត្ថភាពកីឡាករជម្រើសជាតិបាល់ទះកម្ពុជា ក្នុងការត្រៀមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាមឆ្នាំ២០២១ នេះ។
បញ្ហាលុបចោល ១០០ % ឬយ៉ាងណាគឺមិនទាន់ច្បាស់ទេ ត្រូវរង់ចាំមើលស្ថានភាពបន្តិចសិន។ ប៉ុន្តែបើសិនលុបចោលមែនគឺជារឿងសោកស្ដាយមែនទែន ពីព្រោះជាព្រឹត្តិការណ៍ធំ ហើយអាចដឹងពីសមត្ថភាពកីឡាករបាល់ទះកម្ពុជាបច្ចុប្បន្នថែមទៀតផង៕