
សៀមរាប៖ ព្រឹត្តិការណ៍មហស្ចារ្យលើដែនកម្ពុជទេសជិតមកដល់ទៀតហើយ គឺព្រឹត្តិការណ៍ «ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត»
ដែលនឹងកើតឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២០ ឆាប់ៗខាងមុខ។
ព្រឹត្តិការណ៍នេះតែងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើន

ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យនេះ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។
ចំពោះព្រឹត្តិការណ៍នាឆ្នាំនេះដែរ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ក៏បានប្រកាសអំពាវនាវដល់សាធារណជន
និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងឡាយ សូមចូលរួមទស្សនាឱ្យបានច្រើនកុះករនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
សូមជម្រាបថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនេះ តែងកើតមានឡើងចំនួនពីរដងក្នុងមួយឆ្នាំ ដោយលើកទីមួយកើតឡើងនៅ
អំលុងខែមីនា និងលើកទីពីរកើតឡើងនៅអំលុងខែកញ្ញា រៀងរាល់ឆ្នាំ។ អ្នកស្រាវជ្រាវបានអះអាងថា បាតុភូតនេះកើតឡើងចំពេលដែលថ្ងៃ
និងយប់មានរយៈពេលស្មើគ្នា ដែលគេហៅថា «សមរាត្រី» ឬហៅតាមអ្នកតារាសាស្ត្រថា Equinox។

នេះជាភាពអស្ចារ្យបំផុតមួយរបស់បុព្វបុរសខ្មែរសម័យមហានគរ ដែលបានប្រើបច្ចេកទេសវិស្វកម្ម ស្ថាបត្យកម្មបុរាណ កសាងប្រាសាទអង្គរវត្តនេះឡើង
ដែលជាមហារតនវិមាននៃព្រះបរមវិស្ណុ ដោយបង្កើតគោលដៅសម្គាល់ពេលវេលា «សមរាត្រី» ញ៉ាំងឱ្យមហារាជធានីបុរាណខ្មែរមួយនេះក្លាយជាទីក្រុងទេវកថាដ៏ល្បីល្បាញលើពិភពលោក៕