កម្ពុជា​ព្រឹក​នេះ អ្នក​កើត​កូ​វី​ដ​១៩ មាន​៤​នាក់ ខណៈ​ជា​សះស្បើយ​មាន​៣​នាក់

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០​នេះ​ថា បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៤​នាក់​បន្ថែម ដែល​ជា​បុរស​ជនជាតិ​ខ្មែរ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​រុ​ស្ស៊ី និង​ឥណ្ឌូ​នេ​ស៊ី កាលពី​ខែកក្កដា និង​បាន​ព្យាបាល​ឱ្យ​ជា​សះស្បើយ​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន ៣​នាក់ ។

ក្រសួង​បាន​បញ្ជាក់​ថា អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៤​នាក់​ថ្មី​នេះ​រួម​មាន ៖
១- បុរស​អាយុ ២៦​ឆ្នាំ មាន​អា​ស័​យ​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ
២- បុរស​អាយុ ៣០​ឆ្នាំ មាន​អា​ស័​យ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប
៣- បុរស​អាយុ ៣០​ឆ្នាំ មាន​អា​ស័​យ​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង
ក្រសួង​បានឱ្យ​ដឹង​ថា បុរស​៣​នាក់​ខាងលើ បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន និង​បញ្ជូន​សារ ក្នុង​ខេត្តកំពង់ស្ពឺ និង​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​មក​ពី​ប្រទេស​រុ​ស្ស៊ី ដែល​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ។

ចំពោះ​លទ្ធផល​វិភាគ​វត្ថុ​សំណាក​តេស្ត​លើក​ទី​០៦​របស់​ពួក​គាត់ ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ។

ដោយឡែក អ្នកជំងឺ​ម្នាក់​ទៀត ជា​បុរស​អាយុ ២៧​ឆ្នាំ មាន​អា​ស័​យ​ស្នាក់​នៅ​ភូមិ​អំពិល​ឃុំ​ប៊ុ​ស​១ ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​តាម​ជើងហោះហើរ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ។
លទ្ធផល​វិភាគ​វត្ថុ សំណាក​តេស្ត​លើក​ទី ០៥​របស់​គាត់ ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​នរោត្តម​សីហ​នុ ក្នុង​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។

គិត​ត្រឹម​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ កម្ពុជា​រក​ឃើញ​អ្នកមាន​ជំងឺ​កូ​វី​ដ​១៩ សរុប ២៧២​នាក់ ស្ត្រី ៥៣​នាក់ និង​បុរស ២១៩​នាក់ ។ ក្នុង​នោះ​អ្នក​ព្យាបាល​ជា​មាន​ចំនួន​សរុប ២២៣​នាក់ ស្ត្រី ៤៦​នាក់ និង​បុរស ១៧៧​នាក់ ។ រីឯ​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មាន​ចំនួន​សរុប ៤៩​នាក់ ៕